ក្រុមយុវជនស្ម័គ្រចិត្តវៀតណាមនាំយកស្បៀង និងការអប់រំទៅសហគមន៍ជនជាតិភាគតិចនៅតំបន់ភ្នំដាច់ស្រយាល

ក្រុមយុវជនស្ម័គ្រចិត្តមួយនៅក្នុងប្រទេសវៀតណាម កំពុងរួមបញ្ចូលគ្នានូវការជួយឧបត្ថម្ភជាក់ស្ដែង ការអប់រំ និងជំនឿ ដើម្បីគាំទ្រដល់សហគមន៍ជនជាតិភាគតិចដែលរស់នៅក្នុងតំបន់ភ្នំដាច់ស្រយាលនៃតំបន់ខ្ពង់រាបភាគខាងជើងប្រទេស។

ក្រុមយុវជននេះ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០២២ ដោយលោក អេនថុន ផាម តាន (Anton Pham Tan) និងលោក ប៉ូល ផាម កុកស៊ូ (Paul Pham Quoc Su) បន្ទាប់ពីពួកគេបានចាប់ផ្ដើមរៀបចំ «ផ្សារតម្លៃសូន្យដុង» ក្នុងអំឡុងពេលនៃការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ នៅទីក្រុងហាណូយ។ ផ្សារទាំងនេះបានផ្ដល់ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗទៀតដល់គ្រួសារ និងបុគ្គលដែលជាប់គាំងដោយសារវិធានការរឹតបន្តឹងនានាអំឡុងពេលរាតត្បាតនៃជំងឺ។

បទពិសោធន៍របស់ពួកគេក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ បានជំរុញឱ្យពួកគេបន្តបម្រើសហគមន៍ដែលងាយរងគ្រោះ ដោយទីបំផុតបានផ្ដោតការយកចិត្តទុកដាក់ទៅលើតំបន់ដាច់ស្រយាល និងភូមិក្រីក្រនៅភាគខាងជើងប្រទេសវៀតណាម។ តំបន់នេះរួមបញ្ចូលទាំងតំបន់ដែលមានភ្នំខ្ពស់ៗ និងពិបាកធ្វើដំណើរទៅដល់ជាងគេនៅក្នុងប្រទេស ដែលសហគមន៍ជនជាតិភាគតិចរស់នៅក្នុងភូមិដាច់ដោយឡែកពីគ្នា ហើយការទទួលបានការអប់រំ ការដឹកជញ្ជូន និងសេវាកម្មមូលដ្ឋានផ្សេងទៀតអាចមានកម្រិត។

ក្រុម «Love on the Periphery» ធ្វើការជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ជាច្រើន ដោយផ្ដោតជាពិសេសលើការគាំទ្រកុមារ និងគ្រួសារ។ សម្រាប់កុមារ ក្រុមស្ម័គ្រចិត្តផ្ដល់ជូននូវអាហារ សម្លៀកបំពាក់កក់ក្ដៅ សៀវភៅ និងសម្ភារៈសិក្សា។ ពួកគេក៏ជួយជួសជុលសាលារៀនដែលទ្រុឌទ្រោម សាងសង់ផ្លូវដើរទៅកាន់ថ្នាក់រៀន និងរៀបចំសកម្មភាពនានា ដូចជាការប្រារព្ធពិធីបុណ្យសែនព្រះខែ និងការវេចនំប្រពៃណីក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមផងដែរ។

ក្នុងអំឡុងពេលវិស្សមកាល ក្រុមស្ម័គ្រចិត្តបានជួយរៀបចំបោះជំរំយុវជនដែលរួមបញ្ចូលគ្នានូវការអប់រំជំនឿ ជំនាញជីវិត និងតន្ត្រី។ល។

Daily Program

Livesteam thumbnail
khmer popup image