ក្រពើភ្នំត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ — អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគីរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សូមជូនដំណឹងអំពីការលែងក្រពើភ្នំជិតផុតពូជចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពីដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។
តំបន់ទេសភាពខ្ពង់រាបភាគខាងកើត គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជ និងជីវៈចម្រុះទឹកសាបដែលមានសារៈសំខាន់ជាសកល។
កម្មវិធីលែងក្រពើភ្នំនេះ មានគោលបំណងបង្កើនចំនួនក្រពើភ្នំដែលមានចំនួនតិច និងបែកខ្ញែកនៅក្នុងប្រព័ន្ធទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើវិទ្យាសាស្ត្រ។ ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយត្រូវបានប៉ាន់ប្រមាណថាមានសល់តិចជាង ១,០០០ក្បាលប៉ុណ្ណោះនៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។ កម្ពុជាត្រូវបានចាត់ទុកថាមានសារៈសំខាន់ជាសកលសម្រាប់ការអភិរក្សសត្វប្រភេទនេះ និងជាទីជម្រកនៃចំនួនក្រពើភ្នំដ៏ធំបំផុតមួយដែលនៅសេសសល់។
កម្មវិធីលែងក្រពើភ្នំនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រអំពីចំនួនសត្វព្រៃ ការវាយតម្លៃទីជម្រកធម្មជាតិ ការរៀបចំផែនការអភិរក្ស និងការចូលរួមពីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ២០២១ ក្រុមស្រាវជ្រាវ
របស់អង្គការ WWF-កម្ពុជា បានកត់ត្រាតាមរយៈរូបថតជាលើកដំបូងនៃកូនក្រពើ ដែលញាស់ដោយធម្មជាតិនៅក្នុងទន្លេស្រែពក ដែលនេះបញ្ជាក់ថា ក្រពើភ្នំនៅតែបន្តបន្តពូជដោយជោគជ័យនៅក្នុងទីជម្រកធម្មជាតិ និងបង្ហាញពីសារៈសំខាន់របស់ទន្លេនេះជាតំបន់អាទិភាពសម្រាប់ការស្តារប្រភេទសត្វនេះ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «កម្មវិធីលែងក្រពើភ្នំនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងពង្រីកសក្តានុពលជីវៈចម្រុះជាពិសេស និងបង្ហាញពីភាពជោគជ័យដ៏ធំធេង ក្នុងការស្តារចំនួនសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោក ហើយដែលកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសដែលមានចំនួនក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ។ សមិទ្ធផលនេះ បង្ហាញពីភាពរឹងមាំនៃកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអភិរក្ស ដៃគូសហការ និងសហគមន៍មូលដ្ឋាន ក្នុងការធ្វើការរួមគ្នា ដើម្បីធានាអនាគតរបស់ក្រពើភ្នំ និងប្រព័ន្ធអេកូឡូស៊ីទឹកសាប មានសុខភាពល្អ»។
លោកបណ្ឌិត Dipankar Chya Patnailk នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា៖ «ការលែងក្រពើភ្នំចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ WWF-កម្ពុជា ក្នុងការស្តារក្រពើភ្នំដែលជាប្រភេទតំណាងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា។ តាមរយៈការបង្កើនចំនួនសត្វក្រពើភ្នំញីឈ្មោះ ដែលអាចបន្តពូជបានត្រឡប់ទៅកាន់ទន្លេស្រែពក យើងមិនត្រឹមតែជួយធានាការរស់មានជីវិតរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខភាព និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។
លោក ហម ច័ន្ទដេត នាយកប្រចាំប្រទេសនៃអង្គការ Fauna & Flora International (FFI) បានបន្ថែមថា៖ «យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយអង្គការ WWF-កម្ពុជា ក្នុងសកម្មភាពលែងក្រពើភ្នំនេះ ដោយផ្អែកលើជំនាញ និងបទពិសោធន៍របស់យើងក្នុងការអភិរក្សប្រភេទសត្វនេះ។ កម្មវិធីលែងក្រពើភ្នំនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងការវិនិយោគលើការអភិរក្សអស់រយៈពេលច្រើនឆ្នាំ ដើម្បីស្តារប្រភេទសត្វពូជដែលរងការគំរាមកំហែងខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ កម្ពុជាបានក្លាយជាអ្នកដឹកនាំតំបន់ក្នុងការអភិរក្សសត្វក្រពើភ្នំ ហើយកម្មវិធីស្តារក្រពើភ្នំនៅទន្លេស្រែពក គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើនចំនួនក្រពើភ្នំទាំងនេះឱ្យមានកាន់តែច្រើនឡើងវិញ»។
ក្រពើភ្នំដែលត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ត្រូវបានគាំទ្រ និងផ្តល់ដោយរដ្ឋបាលជលផល ព្រមទាំងអង្គការ FFI តាមរយៈកម្មវិធីបង្កាត់ពូជអភិរក្ស និងបានឆ្លងកាត់ការត្រួតពិនិត្យហ្សែន និងសុខភាពយ៉ាងតឹងរ៉ឹងមុនពេលលែងចូលទៅក្នុងទីជម្រកធម្មជាតិ។ កម្មវិធីនេះ អនុវត្តតាមគោលការណ៍អន្តរជាតិស្តីពីការបញ្ជូនសត្វសម្រាប់ការអភិរក្ស រួមទាំងការតាមដានក្រោយការលែង ដោយប្រើបច្ចេកវិទ្យា acoustic telemetry ដើម្បីសិក្សា៕