ក្ដីសង្ឃឹមរបស់អ៊ុយក្រែនសម្រាប់ការទូតចុងឆ្នាំ ការសន្និដ្ឋានស្ដីពីឃ្លាំងអាវុធរុស្ស៊ី និងរបាំងការពារដែនដីអឺរ៉ុប
ការទូត ការរៀបចំខ្លួនធ្វើសង្គ្រាមរយៈពេលវែង និងវិធានការការពារខ្លួនដ៏តឹងរ៉ឹង គឺជាក្ដីកង្វល់ បីជ្រុងដែលកំពុងអង្រួនឆាកនយោបាយអឺរ៉ុប និងវាលសមរភូមិអ៊ុយក្រែន។
ខណៈរដូវរងាជិតចូលមកដល់ លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសអំពីក្ដីរំពឹងទុកសម្រាប់ខែកញ្ញា និងតុលា ថាជាឱកាសមាសក្នុងការជំរុញដំណើរការការទូតដើម្បីបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី ក៏កំពុងក្រឡេកមើលវេទិកាសមាជនៃអង្គការសហប្រជាជាតិដែលជាធម្មតា ប្រព្រឹត្តិឡើងនៅថ្ងៃអង្គារទី៣ ខែកញ្ញា នៅទីក្រុងញូវយ៉ក ដើម្បីស្វះស្វែងរកលទ្ធភាពនៃកិច្ចចរចាត្រីភាគីរវាងសហរដ្ឋអាម៉េរិក អ៊ុយក្រែន និងរុស្ស៊ី ទោះបីជាមកដល់ពេលនេះ មិនទាន់មានសេចក្តីសម្រេចផ្លូវការណាមួយក៏ដោយ។ លោកហ្សេឡេនស្គី ជឿជាក់ថា លោកដូណាល់ ត្រាំ អាចនឹងរកផ្លូវចេញនូវកិច្ចចរចាពិតប្រាកដមួយ មុនពេលរដូវរងាចូលមកដល់។ នៅចំពោះមុខសមាជអង្គការសហប្រជាជាតិដែលនឹងមកដល់ លោកហ្ស៉េឡេនស្គីយល់ឃើញថា ៖ «គ្មានកិច្ចសន្ទនា គឺគ្មានលទ្ធផល»។
ចំណែកនៅរុស្ស៊ី បន្ទាប់ពីដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់អាម៉េរិក លោកស្តេវ វីតកូហ្វ និងលោកចារ៉េដ គូស្នើ វិមានក្រឹមឡាំង (Kremlin) តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានប្រកាសថា ៖ «យើងមិនច្រានចោលឡើយនូវលទ្ធភាពនៃការស្តារឡើងវិញនូវទម្រង់ជំនួបត្រីភាគី ក្នុងគោលបំណងបើកកិច្ចចរចាទ្បើងវិញរវាងទីក្រុងមូស្គូ ទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកច្រកផ្លូវចេញពីសង្គ្រាមនៅអ៊ុយក្រែន។
រាងដូចជាផ្ទុយពីការរំពឹង ទីភ្នាក់ងារចារកម្មក្រសួងការពារជាតិអ៊ុយក្រែន បានវាយតម្លៃថា «ម៉ាស៊ីនសង្គ្រាម»របស់រុស្ស៊ីនៅតែមានកម្លាំងខ្លាំង។ លោកអូឡេ អ៊ីវ៉ាចចេនកូ ប្រធានអគ្គនាយកចារកម្ម បានបញ្ជាក់ថា ទោះបីសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ខ្សោយជាងមុនក៏ដោយ ប៉ុន្តែធនធានរបស់ពួកគេអាចនឹងនៅតែគ្រប់គ្រាន់សម្រាប់ឆ្នាំ២០២៧ និង ឆ្នាំ២០២៨។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន យូគ្រីនហ្វ៉ម (Ukrinform) លោកអូឡេ អ៊ីវ៉ាចចេនកូ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយដៃគូរបស់អ៊ុយក្រែន គឺចាំបាច់ដើម្បីដកហូតធនធានទាំងនោះពីរុស្ស៊ី។ លោកនៅតែនិយាយទទូចថា ទណ្ឌកម្មលើរុស្ស៊ីគឺត្រូវតែមានប្រសិទ្ធភាពពិតប្រាកដ។ យើងដឹងអំពីប្រទេសណាខ្លះដែលបានផ្តល់គ្រឿងបង្គុំអេឡិចត្រូនិក ម៉ាស៊ីន សម្ភារៈ និងផលិតផលគីមីពិសេសមកកាន់គោលដៅសហព័ន្ធរុស្ស៊ី។ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ជាច្រើន បានផុលផុសឡើង ដោយនាំចូលមកកាន់រុស្ស៊ី ដែលវាជាកត្តាជួយទ្រទ្រង់ដល់ម៉ាស៊ីនសង្គ្រាមរបស់ពួកគេប្រឆាំងនឹងយើង។
ចំណែកឯនៅតាមព្រំដែនអឺរ៉ុបវិញ ប្រទេសហ្វាំងឡង់បានសម្រេចចិត្តបោះជំហានយ៉ាងរឹងមាំ ដោយបានសម្ពោធរបាំងការពារព្រំដែនប្រវែង ២០០គីឡូម៉ែត្រ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ដើម្បីទប់ស្កាត់ការយកជនអន្តោប្រវេសន៍មកធ្វើជាខែលអាវុធនយោបាយរបស់រុស្ស៊ី។ បន្ទាប់ពីការបិទព្រំដែនទាំងស្រុងប្រវែង ១៣៤០គីឡូម៉ែត្រ កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រោយពេលមានជនភៀសខ្លួនមកដោយគ្មានវីសាកើនឡើង ទីក្រុងហេលស៊ិនគីបានចោទប្រកាន់រុស្ស៊ីពីបទចង់ធ្វើ «សង្គ្រាមកូនកាត់» (Hybrid Warfare) ដែលជាកត្តាកើតឡើងពីក្រោយដែលប្រទេស ហ្វាំងឡង់បានបោះបង់ភាពអព្យាក្រឹតរបស់ខ្លួន ហើយចូលជាសមាជិកអង្គការណាតូ។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វាំងឡង់ លោកស្រី ម៉ារី រ៉ានតានណេន បានអះអាងថា ទោះពេលនេះស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែវាជាភាពតានតឹងដែលគ្មាននរណាដឹងថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកនោះឡើយ។
