កូរ៉េខាងជើងត្រៀមខ្លួនត្រូវរ៉ូវគ្នាជាមួយទីក្រុងវ៉ាស៊ីនតុន តែបដិសេធការចង់​បាន​របស់ទីក្រុងសេអ៊ូល

កាលពីថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីការបិទសមាជនៃគណបក្សតែមួយ ទីភ្នាក់ងារព័ត៌មាន ផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍ឲ្យដឹងថា ​មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បាន​ប៉ាន់​ប្រមាណថា ទីក្រុងព្យុងយ៉ាងនឹងអាចមាន​ការត្រូវរ៉ូវគ្នាល្អជាមួយសហរដ្ឋអាម៉េរិកដោយ​មាន​លក្ខខណ្ឌ និងរុញច្រានចោលការប៉ុនប៉ងធ្វើកិច្ចសន្ទនា​ជាមួយទីក្រុងសេអ៊ូល។

នៅអំឡុងសមាជកាលពីឆ្នាំ២០២១ លោកគីម ជុងអ៊ុន បានកំណត់សហរដ្ឋ​អាម៉េរិក​ថា ជា​សត្រូវ​​​ធំបំផុតរបស់ប្រជាជាតិកូរ៉េខាងជើង។ ទោះបីជាយ៉ាងណា កាលពីពេលថ្មីៗនេះ ប្រធានាធិបតី​​​​អាម៉េរិក លោកដូណាល់ ត្រាំ បានបង្ហាញនូវសេចក្តីស្រឡាញ់ចូលចិត្តទ្វេដង​សម្រាប់​​​មេដឹកនាំ​កូរ៉េ​ខាងជើង និង​ធ្វើឲ្យទីតាំងអំណាចរបស់គាត់​មានភាពកាន់តែ​ស្រួល​ចិត្ត។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA លោកគីម ជុងអ៊ុន បាន​ថ្លែង​ថា ៖ “ប្រសិនបើទីក្រុងវ៉ាស៊ីនតុនគោរពលក្ខន្តិកៈសព្វថ្ងៃជាមហាអំណាចនុយក្លេអ៊ែរ​នៃ​ប្រទេស​​​យើង​ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង (...) និងបោះបង់ចោលនូវ​នយោបាយ​​អមិត្តរបស់ខ្លួន (...) វានឹងមិនមានហេតុផលណា សម្រាប់យើងមិន​អាចត្រូវរ៉ូវគ្នា​បាន​​​ល្អជាមួយ​សហរដ្ឋអាម៉េរិកនោះទេ។”

នៅក្នុងអំឡុងដំណើរទស្សនកិច្ចមកអាស៊ីកាលពីឆ្នាំមុន លោកដូណាល់ ត្រាំ បានថ្លែងដោយ​បើក​​ចំហ ១០០% សម្រាប់ជំនួបជាមួយលោកគីម ជុងអ៊ុន។ លោកដូណាល់ ត្រាំ បានស្ថិត​នៅ​ក្នុង​ជំហផ្ទុយពីនយោបាយអាមេរិកជាច្រើនទសវត្សរ៍ ដោយលោកទទួលស្គាល់ថា កូរ៉េខាង​ជើង​​គឺជាប្រភេទនៃប្រទេសដែលមានកម្លាំងថាមពលនុយក្លេអ៊ែរ។

ការព្យាករ​បានរីកធំអំពីលទ្ធភាពនៃជំនួបជាមួយលោកគីម ជុងអ៊ុន នៅខាងក្រៅដំណើរទស្សន​កិច្ច​​គ្រោង​ទុក​របស់លោកដូណាល់ ត្រាំ នៅចិន ដែលនឹងប្រកាសធ្វើនៅខែមេសាខាងមុខ។  កាលពីអណត្តិដំបូងរបស់លោក លោកដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាជាមួយលោក​គីម ជុងអ៊ុន ៣ដង ដើម្បីព្យាយាមឈានដល់​កិច្ចព្រមព្រៀង​ដកហូតនុយក្លេអ៊ែរ ប៉ុន្តែមិនបាន​ជោគជ័យ។

ប៉ុន្តែ  នៅពេលនេះ គឺប្រទេសកូរ៉េខាងត្បូងជិតខាង ដែលលោកគីម ជុងអ៊ុន បានប្រកាន់ហៅ​ថា ជាសត្រូវដែលប្រទូស្តរាយបំផុត។ យោងតាម ខេស៊ីអេនអេ KCNA ចេញពីសមាជលើក​ទី​៩ នៃគណបក្សពលករកូរ៉េ ដែលត្រូវបានបញ្ចប់កាលពីល្ងាចថ្ងៃពុធ ដោយមានក្បួន​ព្យុហយាត្រា​យោធាផង លោកគីម ជុងអ៊ុន បានបិទទ្វារដែលផ្តល់ឲ្យ ​សម្រាប់ទីក្រុងសេអ៊ូល ដែល​​ជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតុនទាក់ទិននឹងរឿងសន្តិសុខ។

ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជែមីញន ចាប់តាំងពីឡើងកាន់អំណាច​កាល​​ពីខែមិថុនា ឆ្នាំមុន បានស្វែងរកកិច្ចសន្ទនាទ្វេភាគីជាច្រើនដងជាមួយកូរ៉េខាងជើង ប៉ុន្តែរហូត​មក​​​ដល់ពេលនេះ មិនមានការឆ្លើយតបនោះទេ។

កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានទទួលរង​ទណ្ឌកម្មជាបន្តបន្ទាប់​ដោយសារកម្មវិធី​អាវុធ​នុយក្លេអ៊ែររបស់ខ្លួន។ កាលពីខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង បានប៉ាន់ស្មានថា ទីក្រុង​ព្យុងយ៉ាង ក៏បានផលិតសារធាតុ​នុយក្លេអ៊ែរ​ជារៀងរាល់ឆ្នាំ ដែលផ្គុំបានជាក្បាលគ្រាប់​នុយក្លេអ៊ែរ ប្រមាណ ២០ គ្រាប់។

ប្រភពការទូតនានា​នៃកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការនៃទណ្ឌកម្ម​ប្រឆាំង​នឹងកូរ៉េខាងជើងនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកំពុងត្រៀមខ្លួនដើម្បីផ្តល់ការលើកលែងទណ្ឌកម្មសម្រាប់គម្រោងជំនួយមនុស្សធម៌នៅប្រទេសកូរ៉េខាងជើង។

យោងតាមអ្នកវិភាគជាច្រើន បានឲ្យដឹងថា នេះគឺជាគំនិតផ្តួចផ្តើមដែលអនុញ្ញាតឲ្យទីក្រុង​វ៉ាស៊ីនតុន និងទីក្រុងសេអ៊ូល លុបបំបាត់ហេតុផល ដែលទីក្រុងព្យុងយ៉ាងតែងបានយកមក​អះអាង ដើម្បី​បដិសេធ​ការចរចាហូតមកដល់ពេលនេះ។

 

Daily Program

Livesteam thumbnail