ការបំបួស និងដាំដើមឈើ គឺបង្ហាញពីការស្រលាញ់និងថែទាំធម្មជាតិ
ការប្រារព្ធទិវាពិភពលោកសម្រាប់ការអធិដ្ឋានថែរក្សាបរិស្ថាន ១ កញ្ញា ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលស្វាគមន៍ជនពិការអារ៉ូពេ ឡាប៉ាឡូម៉ា នៃព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគបាត់ដំបង។
ពិធីដ៏មានអត្ថន័យនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះគុណម្ចាស់ អេនរីគេ ហ្វីការេដូ អភិបាលភូមិភាគបាត់ដំបង និង ព្រះវិន័យសរណរង្សី ប៉ុក ពាន់ អនុប្រធានសាខា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដោយមានវត្តមាន ព្រះវត្តមានដ៏ថ្លៃថ្លាចូលរួមពីសំណាក់លោកបូជាចារ្យ ព្រះសង្ឃ យុវជន សមណសិស្ស និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
កម្មវិធីអបអរសាទរនេះ មានសកម្មភាពសំខាន់ៗដូចជា ការបំបួសដើមពោធិ៍ និងការរួមគ្នាដាំដើមឈើ ដើម្បីជាកាយវិការបង្ហាញពីការស្រលាញ់និងថែទាំធម្មជាតិ។
គោលបំណងចម្បងនៃកិច្ចប្រជុំជួបជុំគ្នានេះ គឺដើម្បីពង្រឹងចំណងសាមគ្គីភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងព្រះពុទ្ធសាសនា និងគ្រិស្ដសាសនា ព្រមទាំងបង្ហាញពីស្មារតីសហការគ្នាក្នុងការការពារ និងកសាងបរិស្ថានភពផែនដីយើងឱ្យកាន់តែស្រស់បំព្រង ដោយគ្មានការរើសអើងជាតិសាសន៍ ឬជំនឿសាសនាឡើយ។
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានព្រះបន្ទូលនៅក្នុងឯកសារ Laudato Si' យ៉ាងដូច្នេះថា៖ «ផែនដីរបស់យើងគឺដូចជាផ្ទះមួយដ៏ធំ ដែលយើងទាំងអស់គ្នារស់នៅជាមួយគ្នា ហើយផ្ទះនេះកំពុងខូចខាត និងបាក់បែក ដែលទាមទារឱ្យយើងមានការយកចិត្តទុកដាក់ និងការថែរក្សាវាជាបន្ទាន់»។
