ការដកខ្លួនពី MoU ឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្រ​របស់​កម្ពុជានោះទេ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចចាកចេញជាឯក តោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001)។ បើទោះបីជាយ៉ាងណា ការដកខ្លួនជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែន​សមុទ្រ​​​របស់​កម្ពុជានោះទេ។

នៅថ្ងៃទី៥ ខែឧសភា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តនូវសេចក្តីសម្រេចស្ដីពីការបញ្ចប់​នូវអនុស្សា​រណៈ​យោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្រ​រួមគ្នារ​វាង​កម្ពុជា និងថៃ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា អនុស្សារណៈយោគ​យល់គ្នាឆ្នាំ២០០១ នេះគឺជាក្របខណ្ឌតែមួយ​គត់រវាង​ប្រទេស​ទាំងពីរ ដើម្បីដោះស្រាយ​ដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាទាមទារ ត្រួតគ្នាក្នុងដែន​សមុទ្រ​រវាង​កម្ពុជា និងថៃ ក៏ដូចជាដោះស្រាយ​បញ្ហាព្រំដែន​សមុទ្ររវាងប្រទេសទាំងពីរ។

«កម្ពុជា​ចាត់​ទុកថាការបញ្ចប់ ឬក៏ការដកខ្លួនចេញ​ពី​អនុស្សាណៈឆ្នាំ២០០១ នេះគឺជាការ​ដើរចេញ​ពី​ឆន្ទៈនយោ​បាយដែលសម្រេចឱ្យ​ប្រទេស​យើងទាំងពីរ​កំណត់នូវក្របខណ្ឌ​មួយ​ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើ​ច្បាប់​អន្តរជាតិ នូវបញ្ហាដូចបាន​ជម្រាបជូនខាងលើពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយបញ្ហា​ព្រំដែន​សមុទ្រជាមួយគ្នាផង»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខការទូតកម្ពុជា តាមរយៈសេចក្តីថ្លែអការណ៍បន្ទាន់មួយនៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាសម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះ​ការសម្រេចចិត្តនេះ។​

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាការឆ្លើយ​តបទៅ​នឹងការបញ្ចប់នៅអនុ​ស្សា​​​រណៈឆ្នាំ២០០១ នេះកម្ពុជា មិនមានជម្រើស​អីប្រសើរ​ជាងការផ្ដើមគំនិតជំរុញ​នូវ​យន្ត​ការផ្សះផ្សារដោយបង្ខំក្រមអនុសញ្ញាអង្គការសហជាតិស្ដីពីច្បាប់សមុទ្រ ដែលបាន​សម្រេច​នៅឆ្នាំ១៩៨២។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា ការសម្រេចជ្រើសរើសយកយន្តការផ្សះ​ផ្សារដោយប​ង្ខំ​​ក្រម UNCL​OS ជាការបញ្ជាក់សារ​ជា​ថ្មី​នូវការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះ​ស្រាយគ្រប់វិវាទ​ទាំង​អស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី និងផ្អែកទៅលើច្បាប់​អន្តរជាតិ៕

 

Daily Program

Livesteam thumbnail