ការគំរាមពីទីក្រុងតេអេរ៉ង់ និងគ្រោះថ្នាក់នៃការទាញណាតូ ចូលក្នុងភក់ជ្រាំសង្គ្រាម
ភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងវិវត្តទៅរកសេណារីយ៉ូដ៏គួរឲ្យព្រួយបារម្ភមួយ គឺ ការប្រឈមមុខដាក់គ្នារវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងផ្ទុះរាលដាលដល់ទ្វីបអឺរ៉ុប។ ការអះអាងចុងក្រោយពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងប្រភពព័ត៌មានដែលចុះផ្សាយដោយហ្វាយនេនស្យល់ ថែមស៍ (Financial Times) បានបង្ហាញថា ទីក្រុងតេអេរ៉ង់កំពុងសិក្សាពីលទ្ធភាពវាយប្រហារលើមូលដ្ឋានយោធាអាម៉េរិកក្នុងទ្វីបអឺរ៉ុប ប្រសិនបើលោក ដូណាល់ ត្រាំ បើកការវាយប្រហារលើរបបឥស្លាមមួយនេះ ទៀត។
ប្រទេសនៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប រួមមាន ប៊ុលហ្ការី ដែលបានអនុញ្ញាតឱ្យយន្តហោះចាក់ប្រេងអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាសបេហ្ស៉៍មើ (Bezmer) និងប្រទេស សាយប្រូស ( Cyprus) ដែលធ្លាប់រងការវាយប្រហារដោយដ្រូនលើមូលដ្ឋានទ័ពអង់គ្លេសនៅទីនោះ កំពុងស្ថិតក្នុងបញ្ជីគោលដៅ។ សារព្រមានរបស់អ៊ីរ៉ង់គឺច្បាស់ៗ ៖ «រាល់មូលដ្ឋានដែលត្រូវប្រើប្រាស់ដើម្បីវាយប្រហារអ៊ីរ៉ង់ នឹងក្លាយជាគោលដៅវាយប្រហារវិញ»។
ចំណែក អង្គការសម្ព័ន្ធមិត្ត ណាតូ (NATO) បានបញ្ជាក់ភ្លាមៗអំពីភាពត្រៀមខ្លួនជាស្រេចក្នុងការការពារប្រទេសសមាជិក។ មន្ត្រីណាតូបានលើកឡើងពីកត្តារឹងម៉ាំនៃប្រព័ន្ធការពារអាកាសរបស់ខ្លួន ដោយចង្អុលបង្ហាញអំពីព្រឹត្តិការណ៍នាដើមឆ្នាំនេះ ដែលប្រព័ន្ធការពារអាកាសអាច ស្ទាក់ចាប់មីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ចំនួន ៤លើក ដែលតម្រង់មកកាន់ប្រទេសទួរគី។
អ៊ីរ៉ង់មានមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម លើសពី ២.០០០ គីឡូម៉ែត្រ ដែលអាចបាញ់ដល់អឺរ៉ុបខាងត្បូង។ ប៉ុន្តែកាលណាចម្ងាយ កាន់តែឆ្ងាយ កម្លាំងផ្ទុះ និងភាពត្រឹមត្រូវរបស់វាកាន់តែត្រូវបានកាត់បន្ថយ ហើយហានិភ័យនៃការត្រូវបានស្ទាក់ចាប់មានកាន់តែខ្ពស់។ អ៊ីរ៉ង់ធ្លាប់បានព្យាយាមវាយប្រហារលើកោះឌីហ្គូ ហ្គាស្យ៉ា (Diego Garcia) របស់អង់គ្លេស ដែលមានទីតាំងនៅកណ្ដាលមហាសមុទ្រឥណ្ឌា (ចម្ងាយជិត ៤០០០ គីឡូម៉ែត្រ) ប៉ុន្តែ មិនបានសម្រេចគោលដៅនោះឡើយ។ ក្រោយមកអ៊ីរ៉ង់ ផ្លាស់ប្តូរទម្រង់នៃការគំរាម។ យោធាអ៊ីរ៉ង់បានបើកការវាយប្រហារលើមូលដ្ឋានអាម៉េរិកក្នុងប្រទេសហ្ស៉កដានី ដែលសម្លាប់ទាហានអាមេរិក ៣នាក់ និងបង្ហាញពីសមត្ថភាពវាយប្រហារពីចម្ងាយប្រកបដោយភាពត្រឹមត្រូវខ្ពស់ជាងមុន ដែលនេះអាចជាសារយុទ្ធសាស្ត្រផ្ញើសារទៅកាន់អឺរ៉ុប។
ការគំរាមកំហែងនេះកើតឡើងចំពេលដែលកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ត្រូវបានដាច់។ ខណៈលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ប្រកាសថាមិនមានការចរចាណាមួយបន្តទៀត មន្ត្រីអ៊ីរ៉ង់ក៏ជឿជាក់ថា សង្គ្រាមនឹងកើតឡើងវិញ គឺជា «រឿងដែលត្រូវតែមកដល់»។ លោកដូណាល់ ត្រាំ គិតគូរតាមបែបហេតុផល គឺជាចម្លើយតបផ្ទាល់ទៅនឹងការគំរាមកំហែង។ ប្រធានាធិបតីអាម៉េរិករូបនេះធ្លាប់បានអះអាងថា វ៉ាស៊ីនតោននឹងបំផ្លាញស្ពាន ឬរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់មួយ ជារៀងរាល់ពេលដែលតេអេរ៉ង់ វាយប្រហារលើនាវាណាមួយនៅក្នុងច្រកសមុទ្រអ័រមូស។ ចំពោះភាគីអ៊ីរ៉ង់វិញ ការឆ្លើយតបដែលបានគ្រោងទុកគឺការបង្កើនចម្ងាយ ពោលគឺចេញផុតពីតំបន់មជ្ឈិមបូព៌ា និងដាក់គោលដៅវាយប្រហារលើទ្រព្យសម្បត្តិ ឬមូលដ្ឋានរបស់អាម៉េរិកដែលនៅឆ្ងាយជាងនេះ ហើយអាចនឹងឈានទៅដល់ការវាយប្រហារលើអឺរ៉ុបទៀតផង។
ការប្រកាសពង្រីកបញ្ជីគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ អាចជាយុទ្ធសាស្ត្របំភ័យកុំឱ្យអឺរ៉ុបផ្តល់ជម្រក ឬគាំទ្រប្រតិបត្តិការយោធារបស់អាម៉េរិកនៅអ៊ីរ៉ង់។ ទោះបីជាសមត្ថភាពបាញ់ប្រហារពិតប្រាកដរបស់អ៊ីរ៉ង់នៅមានកម្រិត ក៏កត្តានេះបានបង្កើនហានិភ័យខ្ពស់ក្នុងការទាញអង្គការសម្ព័ន្ធមិត្តណាតូ ឱ្យចូលរួមក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ាដោយផ្ទាល់។
