កាឌីណាល់ Grech៖ ព្រះសហគមន៍មូលដ្ឋាននីមួយៗ មានអំណោយទានដែលព្រះសហគមន៍សកលត្រូវការ

កាលពីថ្ងៃទី ២៤ ខែកក្កដា នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភា​លោក​អភិបាលកាតូលិកអាស៊ី (FABC) លោកកាឌីណាល់ម៉ារីយ៉ូ ហ្គ្រេច (Mario Grech) អគ្គលេខាធិការនៃស៊ីណូដាលនៃលោកអភិបាល បានធ្វើ​​បទបង្ហាញសំខាន់មួយក្រោមប្រធានបទ «ផ្លូវសម្រាប់ការអនុវត្តស៊ីណូដាល»។ លោកបានដាស់តឿនអភិបាលកាតូលិកនៅអាស៊ី ឱ្យមើលឃើញការអនុវត្តស៊ីណូដាលថាជា «ការផ្លាស់ប្តូរអំណោយទាន» ខាងផ្លូវវិញ្ញាណ ជាជាងភារកិច្ចផ្នែករដ្ឋបាល។

លោកកាឌីណាល់ហ្គ្រេច បានសង្កត់ធ្ងន់ថា គ្មានព្រះសហគមន៍ណាមួយមានអំណោយទានទាំងអស់នោះទេ ហើយក៏គ្មានព្រះសហគមន៍ណាមួយដែលគ្មានអំណោយទានដើម្បីចែករំលែកនោះដែរ។ លក្ខណៈស៊ីណូដាលអញ្ជើញព្រះសហគមន៍មូលដ្ឋាននីមួយៗ ឱ្យចែករំលែកអំណោយទានពិសេស ប្រពៃណីវប្បធម៌ និងប្រាជ្ញាខាងផ្លូវវិញ្ញាណរបស់ខ្លួនទៅកាន់ព្រះសហគមន៍សកល។

ក្នុងនោះដែរ ជោគជ័យមិនគួរត្រូវបានវាស់វែងដោយឯកសារ របាយការណ៍ ឬផែនការគង្វាល​កិច្ច​​នោះទេ។ ការអនុវត្តពិតប្រាកដចាប់ផ្តើមពីឥឡូវនេះនៅក្នុងភូមិភាគមូលដ្ឋាន តាមរយៈការអធិស្ឋាន ការស្តាប់ដោយយកចិត្តទុកដាក់ ការសន្ទនា និងការពិចារណាត្រិះរិះរួមគ្នា។

ទំនាក់ទំនងរវាងព្រះសហគមន៍មូលដ្ឋាននៅជុំវិញពិភពលោកត្រូវតែមានភាពប្រទាក់ក្រឡាគ្នា ព្រះសហគមន៍នីមួយៗគឺជាគ្រូផង និងជាសិស្សផង។ ជាឧទាហរណ៍ ភាពធន់ខាងបេសកកម្មរបស់ព្រះសហគមន៍នៅអាស៊ីដែលជាក្រុមភាគតិច បានផ្តល់មេរៀនយ៉ាងសំខាន់ដល់ព្រះសហគមន៍នៅលោកខាងលិចដែលកំពុងប្រឈមនឹងលទ្ធិលោកិយនិយម ខណៈដែលអាស៊ីក៏អាចរៀនសូត្រពីគំនិតផ្តួចផ្តើមនានាមកពីទ្វីបផ្សេងទៀតផងដែរ។

ការបោះពុម្ពផ្សាយឯកសារចុងក្រោយនៃស៊ីណូដាល គឺជាចំណុចចាប់ផ្តើមនៃដំណាក់កាលថ្មីមួយ ដែលព្រះសហគមន៍សកលត្រូវបានធ្វើឱ្យកាន់តែសម្បូរបែប ខណៈដែលទិដ្ឋភាពជាក់ស្តែងចម្រុះនៅមូលដ្ឋានបានចូលរួមចំណែកដល់ជីវិត និងបេសកកម្មរួមទាំងមូល។

ដោយសម្លឹងមើលទៅមុខចំពោះមហាសន្និបាតព្រះសហគមន៍ឆ្នាំ ២០២៨  លោកកាឌីណាល់ហ្គ្រេច បានពិពណ៌នាអំពីឆ្នាំខាងមុខថាជាពេលវេលានៃការទទួលយក ការពិចារណាត្រិះរិះ និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ លោកបានពន្យល់ថា មហាសន្និបាតនឹងប្រមូលផ្តុំបទពិសោធន៍ និងទស្សនទានដែលលេចចេញពីព្រះសហគមន៍មូលដ្ឋានជុំវិញពិភពលោក ដើម្បីឱ្យពួកគេអាចធ្វើឱ្យគ្នាទៅវិញទៅមកកាន់តែសម្បូរបែប ព្រមទាំងពង្រឹងការរួបរួម និងបេសកកម្មរបស់ព្រះសហគមន៍។

លោកបានបញ្ចប់ដោយការរំលឹកអ្នកចូលរួមថា ចុងក្រោយព្រះសហគមន៍លូតលាស់មិនមែនតាមរយៈរចនាសម្ព័ន្ធតែមួយមុខនោះទេ ប៉ុន្តែតាមរយៈទំនាក់ទំនងដែលត្រូវបានបង្កើតឡើងដោយសារដំណឹងល្អ៕

Daily Program

Livesteam thumbnail