កាឌីណាល់ តាគ្លេ៖ ការប្រែចិត្តគំនិតតាមបែបស៊ីណូដាល ចាប់ផ្តើមពីការមើលអ្នកដទៃ ដូចព្រះគ្រីស្ត
ការផ្លាស់ប្តូរថ្មីបែបស៊ីណូដាល ចាប់ផ្តើមចេញពីការផ្លាស់ប្តូររបៀបដែលថ្នាក់ដឹកនាំព្រះសហគមន៍មើលឃើញអ្នកដទៃ ជាជាងការកែប្រែកម្មវិធីគង្វាលកិច្ច នេះជាការលើកឡើងរបស់កាឌីណាល់លូវីស អន់តូនីញ៉ូ ជេ តាគ្លេ (Luis Antonio G. Tagle) ទៅកាន់ប្រតិភូនានាក្នុងអំឡុងពេលសំណាក់ធម៌រយៈពេលមួយថ្ងៃ នាថ្ងៃទី ២២ ខែកក្កដា ក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC)។
នៅក្នុងបទបង្ហាញរបស់លោកដែលមានចំណងជើងថា «អ្នកនឹងបានឃើញការអស្ចារ្យលើសនេះទៅទៀត... ការអំពាវនាវឱ្យមានការប្រែចិត្តគំនិតតាមបែបស៊ីណូដាលសម្រាប់គង្វាលព្រះសហគមន៍» កាឌីណាល់ តាគ្លេ បានព្រមានប្រឆាំងនឹងការវាយតម្លៃមនុស្សតាមរយៈការរើសអើង ការប្រកាន់ពូជសាសន៍ និងការសន្មតតាមបែបវប្បធម៌។
លោកបានមានប្រសាសន៍ថា «ការប្រែចិត្តគំនិតតាមបែបស៊ីណូដដ៏ពិតប្រាកដ ចាប់ផ្តើមចេញពីការរៀនសូត្រមើលឃើញអ្នកដទៃដូចដែលព្រះយេស៊ូបានទតឃើញពួកគេ» ។
ដោយឆ្លុះបញ្ចាំងពីសំណួរសង្ស័យរបស់លោក ណាថាណាអែលនៅក្នុងគម្ពីរដំណឹងល្អដែលថា «តើមានអ្វីល្អកើតចេញពីភូមិណាសារ៉ែត?» កាឌីណាល់ តាគ្លេ បានកត់សម្គាល់ថា ស្តង់ដាររបស់មនុស្សទូទៅងាយនឹងនាំទៅរកការរិះគន់ណាស់។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូបានឆ្លើយតបដោយការទទួលស្គាល់ភាពស្មោះត្រង់របស់លោក ណាថាណាអែល ជំនួសឱ្យការបន្ទោសលើការគិតចង្អៀតចង្អល់របស់លោក។
«ព្រះយេស៊ូទតឃើញភាពល្អប្រសើរនៅកន្លែងដែលយើងភាគច្រើន មើលឃើញត្រឹមតែរឿងធម្មតា ឬសូម្បីតែបញ្ហា» កាឌីណាល់ តាគ្លេ បានបញ្ជាក់ «ព្រះអង្គជួយយើងឱ្យស្វែងរកឃើញភាពអស្ចារ្យ ដែលយើងខ្លួនឯងមិនធ្លាប់បានទទួលស្គាល់»។
ដោយចែករំលែកនូវការឆ្លុះបញ្ចាំងផ្ទាល់ខ្លួន កាឌីណាល់បានសារភាពថា លោកធ្លាប់បានឆ្លុះកញ្ចក់ ហើយគិតថា៖ «ប្រសិនបើខ្ញុំជាព្រះយេស៊ូ ខ្ញុំនឹងមិនជ្រើសរើសបុគ្គលម្នាក់នេះឱ្យធ្វើជាកាឌីណាល់ឡើយ» ដោយលោកសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំត្រូវតែទុកចិត្តលើចក្ខុវិស័យរបស់ព្រះជាម្ចាស់ ជាការសង្ស័យលើខ្លួនឯង។
លោកបានព្រមានថា មនុស្សជាច្រើនមិនអាចលូតលាស់បានពេញលេញនោះទេ នៅពេលត្រូវគេកម្រិតដោយសារការប្រកាន់វណ្ណៈសង្គម ឬវប្បធម៌ ហើយលោកបានបញ្ចប់ដោយការអំពាវនាវឱ្យថ្នាក់ដឹកនាំព្រះសហគមន៍ ជម្រះចិត្តគំនិតរបស់ខ្លួន និងទទួលយកការមើលតាមបែបព្រះយេស៊ូ៕