កាឌីណាល់ហ្វើរ៉ាវ៖ ស៊ីណូដាល ត្រូវតែនាំព្រះសហគមន៍ទៅរកព្រះគ្រីស្ត និងសកម្មភាពជាក់ស្តែង
នៅក្នុងធម្មទេសនាក្នុងពិធីអរព្រះគុណបិទអង្គប្រជុំមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោក អភិបាលកាតូលិកអាស៊ី (FABC) កាលពីថ្ងៃទី ២៦ ខែកក្កដា នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្នុងទីក្រុងហ្សាការតា ប្រធាន FABC គឺកាឌីណាល់ហ្វីលីព នេរី ហ្វើរ៉ាវ (Filipe Neri Ferrão) បានសង្កត់ធ្ងន់ថា ជាចុងក្រោយ ស៊ីណូដាល ត្រូវតែនាំទៅក្នុងព្រហសហគមន៍រួមជាមួយព្រះយេស៊ូគ្រីស្ត និងបង្កើតជាសកម្មភាពជាក់ស្តែង ជាជាងការឈប់ត្រឹមតែឯកសារ និងកម្មវិធីផ្សេងៗ។
កាឌីណាល់ ហ្វើរ៉ាវ បានប្រៀបប្រដូចការរកឃើញនេះ ទៅនឹងត្បូងពេជ្យដ៏មានតម្លៃមហាសាល និងសំណាញ់បោះក្នុងសមុទ្រ ដោយលោកបានរំលឹកតំណាងប្រជុំថា រចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រទាំងឡាយមានតម្លៃ លុះត្រាតែវាជួយនាំព្រះគ្រីស្តទៅកាន់អ្នកដទៃ និងបើកចំហទទួលយកពហុភាពដ៏សម្បូរបែបនៃវប្បធម៌ ភាសា និងសាសនានៅអាស៊ី។
លោកបានជម្រុញថ្នាក់ដឹកនាំព្រះសហគមន៍ឱ្យបណ្តុះ "បេះដូងដែលចេះស្តាប់" ដោយយកចិត្តទុកដាក់ជាពិសេសចំពោះជនក្រីក្រ យុវជន ជនភៀសខ្លួន និងប្រជាជននៅឯកោ ព្រមទាំងបានរំលេចពីមនុស្សចាស់ថាជា "ទ្រព្យសម្បត្តិមានជីវិត" ដែលប្រាជ្ញារបស់ពួកគាត់ត្រូវតែតភ្ជាប់ជាមួយនឹងក្តីសង្ឃឹមរបស់ជំនាន់ក្រោយ។
បន្ទាប់ពីពិធីអរព្រះគុណ តំណាងប្រជុំបានចូលរួមក្នុងធម្មយាត្រានិមិត្តរូបឆ្លងកាត់ "ផ្លូវក្រោមដីនៃមិត្តភាព" (Tunnel of Friendship) នៅហ្សាការតា ទៅកាន់វិហារឥស្លាម Istiqlal ដែលជាការបញ្ជាក់បន្ថែមលើការអំពាវនាវចុងក្រោយរបស់កាឌីណាល់ ឱ្យអ្នកចូលរួមផ្លាស់ប្តូរ "ពីការសន្ទនាទៅជាការប្រែចិត្តគំនិត ពីឯកសារទៅជាការសម្រេចចិត្ត និងពីទស្សនវិស័យទៅជាការអនុវត្តជាក់ស្តែង" នៅពេលពួកគេត្រឡប់ទៅកាន់ព្រះសហគមន៍ក្នុងស្រុករបស់ខ្លួនវិញ៕