កម្ពុជា មិនបានរកឃើញ ករណីជំងឺគ្រុនចាញ់ឆ្លងថ្មី
ក្រសួងសុខាភិបាល គូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាមិនបានរកឃើញករណីជំងឺគ្រុនចាញ់ឆ្លងថ្មី ក្នុងស្រុកទេ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ដែលប្រទេសកម្ពុជា មិនបានរកឃើញករណីជំងឺគ្រុនចាញ់ឆ្លងថ្មីនេះ បានន័យថា គ្រុនចាញ់បានថយចុះ១០០% និងពុំមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ។
សេចក្តីប្រកាសបន្តថា សព្វថ្ងៃ ប្រទេសកម្ពុជាកំពុងដំណើរការប្រព្រឹត្តទៅយ៉ាងសកម្មដ៏មានប្រសិទ្ធភាពក្នុងការតាមដាន និងរុករកករណីជំងឺគ្រុនចាញ់ តាមរយៈប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា២៤ម៉ោង មាននៅគ្រប់បណ្តាភូមិសាស្ត្រ ក្នុងសហគមន៍ជាអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ និងបណ្តាញសេវាសុខាភិបាល សាធារណៈ ដើម្បីឈានទៅការឆ្លើយតបរហ័ស ២៤ម៉ោង និងការទប់ស្កាត់ការកើតឡើងវិញ នៃជំងឺគ្រុនចាញ់ បានទាន់ពេលវេលា ។ ជាលទ្ធផលនៃប្រសិទ្ធភាពប្រព័ន្ធព័ត៌មានជំងឺគ្រុនចាញ់នេះ ជំងឺគ្រុនចាញ់ឆ្លងក្នុងស្រុកថ្មីនាឆ្នាំ២០២៦ ក៏កំពុងត្រូវបានរកឃើញថា មិនមានករណីជំងឺគ្រុនចាញ់សង្ស័យណាមួយលេចចេញ តាមបណ្តាព្រំដែនប្រទេសកម្ពុជានោះទេ ។
ដូច្នេះ ក្រសួងសុខាភិបាលលើកទឹកចិត្តដល់សាធារណជន ចូលរួមបង្ការជំងឺគ្រុនចាញ់ តាមរយៈការការពារខ្លួនកុំឱ្យមូសខាំ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ស្វែងរកសេវាពិគ្រោះប្រឹក្សាយោបល់ ឬធ្វើតេស្តនិងព្យាបាលឱ្យបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការលុបបំបាត់ការចម្លងជំងឺ គ្រុនចាញ់ក្នុងស្រុក តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងត្រូវបានបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕