កម្ពុជា បដិសេធ ការចោទប្រកាន់ គ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ថៃ ថា កម្ពុជា បានបង្ហោះដ្រូននៅតំបន់ តាមបណ្តោយព្រំដែន
ក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃ នាពេលកន្លងមកថា «កម្ពុជាបានបង្ហោះដ្រូន នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ»។
តាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងការពាជាតិ នាថ្ងៃទី១៤ កញ្ញា បញ្ជាក់ថា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ការចោទប្រកាន់បំភ្លៃ ខុសពីការពិតទាំងនេះ មិនត្រឹមតែធ្វើឱ្យកើនឡើង ភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំង ទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។
ផ្ទាំងពាណិជ្ជកម្ម
ក្រសួងការពារជាតិ គូសបញ្ជាក់ថា កម្ពុជា មិនបានបង្ហោះដ្រូនចូលដែន អធិបតេយ្យភាពថៃ ដូចការចោទប្រកាន់ ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃ ប្រកាន់ខ្ជាប់ នូវគោលការណ៍ដែលភាគីកម្ពុជាថៃ បានឯកភាពគ្នា ចៀសវាងការចែកចាយ ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនាដោយសន្តិវិធី ដែលជាចំណែកមួយក្នុងការ អនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្ត ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវរាល់ការព្រមព្រៀង ទាំងឡាយដែលភាគីទាំងពីរ សម្រេចបានមកទល់ពេលនេះ ក្នុងនោះរួមទាំង កំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់ របស់គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលត្រូវបានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាព គ្នាលើលក្ខខណ្ឌ នៃបទឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ៕

Daily Program
