កម្ពុជា ចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤នាទីក្រុង ហ្សឺណែវ ប្រទេសស្វីស

កម្ពុជា បានចូលរួម​​ការ​ពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ក្នុងសម័យប្រជុំ លើកទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពី​​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ ស្តីពីលទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់ (UPR) ជុំទី៤ របស់កម្ពុជា នាថ្ងៃទី៨ ខែឧសភា បានឱ្យដឹងថា នៅក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចំនួន ១០០ បានចុះឈ្មោះ ចូលរួម ដើម្បីលើកជាមតិយោបល់ និងផ្តល់អនុសាសន៍ផ្សេងៗដល់ប្រទេសកម្ពុជា។

យន្តការ UPR ជាយន្តការមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលរៀបចំឡើង ដើម្បីពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនីមួយៗ ដោយប្រទេសដទៃទៀតរៀងរា​ល់ចន្លោះពី៤ឆ្នាំកន្លះ ទៅ៥ឆ្នាំម្តង។

សេចក្តីប្រកាសព័ត៌មាន​បាន​បញ្ជាក់ថា ៖ «ជាការកត់សម្គាល់ តំណាងប្រទេសដែលបានចូលរួមទាំងអស់បានសម្ដែងនូវការសាទរ និងការកោតសរសើរដល់ប្រទេសកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែ​ងក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកនាពេលកន្លងមក ក៏ដូចជាការប្តេជ្ញាចិត្ត និងការបង្ហាញចេញនូវសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស»​។

ទន្ទឹមនឹងនេះ ក៏មានអនុសាសន៍ជាច្រើនបានជំរុញ និងលើកទឹកចិត្តឱ្យកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យរបស់ខ្លួនបន្តទៀត។ ការទទួល បានការសាទរ និងការកោតសរសើរពីសំណាក់តំ​ណា​ងប្រទេសជាច្រើនបែបនេះ គឺជាសក្ខីកម្មដ៏រឹងមាំដែល បញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាងនិងអភិវឌ្ឍន៍ជាតិ ដែលនាំទៅដល់ការធានាបាន នូវការប្រើប្រាស់សិទ្ធិនិង​សេរីភាពជាមូលដ្ឋានកាន់តែទូលំទូលាយនិងប្រសើរឡើងជាលំដាប់។​​

​ការ​ចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) នេះដឹកនាំដោយ លោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រួមនឹងមន្រ្តីជំនាញ់ពាក់ព័ន្ធមកពី​ក្រសួង​នានាមួយចំនួនទៀត។

សូមបញ្ជាក់ថា ការពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ជាវេទិកាមួយសម្រាប់កិច្ចសន្ទនាបែបស្ថាបនា រវាងរដ្ឋនិងរដ្ឋ ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យរួមគ្នាលើកកម្ពស់និងការពារសិទ្ធិមនុស្ស ជាសកល តាមរយៈការចែករំលែកនូវបទពិសោធ និងការអនុវត្តល្អៗ ព្រមទាំងបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងសិទ្ធិមនុស្ស។

ពោលគឺ យន្តការនេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬការវាយប្រហារគ្នាលើបញ្ហា សិទ្ធិមនុស្សនោះទេ តែជាឱកាសក្នុងការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ស្របតាមគោលការណ៍ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។​

សេចក្តីប្រកាសព័ត៌មាន​បាន​លើកឡើងថា សមិទ្ធផលទាំងឡាយដែលបានបង្ហាញទាំងនៅក្នុងរបាយការណ៍ ជុំទី៤ និងក្នុងបទអន្តរាគមន៍របស់គណៈប្រតិភូ បានក្ដោបទៅលើសិទ្ធិពលរដ្ឋ សិ​ទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ចសិទ្ធិសង្គមកិច្ច និងសិទ្ធិវប្បធម៌ រួមទាំងស្ថានភាពនៃសិទ្ធិរបស់ក្រុមជាក់លាក់មួយចំនួនផងដែរ។

សមិទ្ធផល ទាំងនោះ រួមមាន ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីនយោបាយ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀត ស្របតាមស្ថានភាពនិងបរិបទជាក់ស្តែងរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។​​

ជារួម នៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ UPR ជុំទី៤នេះ ពិតជាបានផ្ដល់ឱកាសស​ម្រាប់ គណៈប្រតិភូកម្ពុជា ក្នុងការចែករំលែកនិងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនលើវិស័យសិទ្ធិមនុស្ស ព្រមទាំង ជាឱកាសក្នុងការពន្យល់បកស្រាយ និងបង្ហាញពីស្ថានពិតជាក់ស្ដែងក្នុងប្រទេសកម្ពុជាលើបញ្ហាមួយចំនួន៕

Daily Program

Livesteam thumbnail