កម្ពុជាសម្រេចថា នឹងប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោយថៃដកខ្លួនចេញពី MOU 2001
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃ៥ ឧសភានេះ បានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្រោយថៃសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 (ភាគីថៃហៅថា MOU44) ។
យោងតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រលប់ថ្ងៃ៥ ឧសភានេះបានឱ្យដឹងថា ជាង២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។
សម្តេចធិបតីបន្តថា ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។
សម្តេចបន្ថែមថា ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។
សម្តេចនាយករដ្ឋមន្រ្តីអះអាងថា ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។
សម្តេចធិបតីគូសបញ្ជាក់ពីយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ថា គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។
ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕