កម្ពុជាសម្ភោធរូបសំណាកវីរកណ្តុរហិតមីនMagawaដើម្បីរម្លឹកពីភាពក្លាហានសង្រ្គោះជីវិតមនុស្សពីគ្រាប់មីន
អាជ្ញាធរមីនកម្ពុជា តំណាងអង្គភាពស៊ីម៉ាក់ និង អង្គការAPOPO នៅថ្ងៃទី ៣ មេសាកន្លងទៅ បានរៀបចំពិធីសម្ភោធរូបសំណាកវីរកណ្តុរហិតមីន Magawa នៃអង្គការដោះមីន APOPO ។ វីរកណ្តុរ Magawaនេះ បានទទួលមេដាយមាស PDSA (People’s Dispensary for Sick Animals) សម្រាប់ភាពក្លាហានក្នុងការជួយសង្រ្គោះជីវិតមនុស្ស ពីចក្រភពអង់គ្លេស ក្នុងខែកញ្ញា ឆ្នាំ២០០០ ដោយបានរកឃើញគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង ១០០គ្រាប់ លើផ្ទៃដីចំនួន ១៤១.០០០ ម៉ែត្រក្រឡា ចាប់ពីឆ្នាំ២០១៦-២០២០។
នៅប្រទេសកម្ពុជា កណ្តុរហិតមីន Magawa បានរួមចំណែកក្នុងការលុបបំបាត់ហានិភ័យ និង ស្តារឡើងវិញនូវទំនុកចិត្តជូនប្រជាជនកម្ពុជា។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង ១០០គ្រាប់ ត្រូវបានរកឃើញតាមរយៈការងាររបស់កណ្តុរ Magawa និង បានធ្វើឱ្យកុមារដើរលេងប្រកបដោយសុវត្ថិភាព កសិករធ្វើស្រែដោយសេរី ហើយសហគមន៍កសាងឡើងវិញដោយមិនស្ទាក់ស្ទើរ។ កណ្តុរ Magawa បន្សល់ទុកច្រើនជាងកំណត់ត្រានៃការរកឃើញ ព្រមទាំងបានបង្កើតនូវស្តង់ដារមួយ គឺស្តង់ដារនៃការអត់ធ្មត់ និងស្តង់ដារនៃការជឿទុកចិត្តលើការងារ។
លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កេរដំណែលរបស់កណ្តុរ Magawa បានឆ្លុះបញ្ចាំងពីការលះបង់របស់អង្គការ APOPO ដែលបាននាំមកនូវវិធីសាស្រ្តថ្មីៗទៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ហើយវាក៏ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នានៅទូទាំងប្រទេសកម្ពុជាពីគ្រប់ប្រតិបត្តិករដោះមីន ស្ថាប័នជាតិ ប្រទេសជាមិត្ត រហូតដល់ដៃគូអភិវឌ្ឍន៍ ដែលបានឈរនៅជាមួយកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕