កម្ពុជាប្រគល់ជនជាតិថៃម្នាក់លួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងដីកម្ពុជាទៅឱ្យថៃវិញ

ស្របតាមគោលការណ៍មនុស្សធម៌ ភាគីកម្ពុជា នៅថ្ងៃសុក្រ នេះ បានប្រគល់ជនជាតិថៃវ័យ៥៨ឆ្នាំម្នាក់ លួចឆ្លងដែនខុសច្បាប់ចូលជ្រៅមកក្នុងទឹកដីកម្ពុជាកាលពីចុងខែមេសាកន្លងទៅ ទៅឱ្យភាគីថៃវិញតាមច្រកព្រំដែនអន្តរជាតិជាំ ក្រោមការសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC ក្រោយពីការពិនិត្យតាមនីតិវិធី និងក្រោមវិធានការច្បាប់បានបញ្ជប់ទៅ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា៖«ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។»

អ្នកនាំពាក្យគូសបញ្ជាក់ថា ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ឧត្តមសេនីត្រី និត ណារ៉ុង ទទួលបានការចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះស្របតាមគោលការណ៍មនុស្សធម៌។

«ភាគីថៃក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព។»។ នេះបើតាមការបន្ថែមរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

បុរសវ័យ៥៨ឆ្នាំរូបនេះ ត្រូវឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា បន្ទាប់ពីចូលមកដល់ភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រោះការចូលមកដែនអធិបតេយ្យកម្ពុជា ដោយគ្មានការអនុញ្ញាត ត្រូវតែអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។  ក្រោយការឃាត់ខ្លួនបុរសជនជាតិថៃនេះ កម្ពុជាបញ្ជាក់ជាថ្មីថា ការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ តែទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ និងគោរពគោលការណ៍មនុស្សធម៌ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី និងទំនួលខុសត្រូវ ដោយឈរលើមូលដ្ឋានច្បាប់។

បើតាមអ្នកនាំពាក្យ ក្រៅតែពីការប្រគល់ខ្លួនបុរសជនជាតិថៃ ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា និងជាប្រធានលេខាធិការ RBC ភូមិភាគ២ថៃ ក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ធានាដល់ការគោរព និងការអនុវត្តឱ្យពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

Daily Program

Livesteam thumbnail