កម្ពុជាជំរុញឱ្យមានអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសមធម៌ និងកិច្ចសហការ នៅក្នុងកិច្ចសន្ទនាសកលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ

ទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងតំណាងមកពី ១៧០ប្រទេស និងអង្គការអន្តរជាតិនានា ប្រមាណ ៤០០០នាក់ ក្នុង “ពិធីសម្ពោធកិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI)” នៅទីក្រុងហ្សឺណែវ។

កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្ដម អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងមានតំណាងប្រទេសអែលសាលវ៉ាដ័រ និងអេស្តូនី ជាសហប្រធាន។

កិច្ចសន្ទនានេះបានប្រព្រឹត្តទៅស្របពេលដែលពិភពលោកកំពុងមានការឯកភាពគ្នាថា ទោះបីជាបញ្ញាសិប្បនិម្មិតមានសក្ដានុពលធំធេងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក៏ដោយ ក៏បច្ចេកវិទ្យានេះនាំមកនូវហានិភ័យដ៏ជ្រាលជ្រៅជាច្រើនផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ គណៈវិទ្យាសាស្ត្រឯករាជ្យអន្តរជាតិលើបញ្ញាសិប្បនិម្មិត ដែលមានសមាជិក ៤០រូប ជាអ្នកជំនាញកំពូលៗមកពីជុំវិញពិភពលោក បានរាយការណ៍ជូនតំណាងរដ្ឋសមាជិកនូវលទ្ធផលនៃការសិក្សារបស់ខ្លួន។ របាយការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា បច្ចុប្បន្នបញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍលឿនជាងសមត្ថភាពគ្រប់គ្រងរបស់ស្ថាប័ននិយតកម្មសកល។ លើសពីនេះ គណៈវិទ្យាសាស្ត្របានព្រមានថា សមត្ថភាពនៃបច្ចេកវិទ្យានេះត្រូវបានប្រមូលផ្ដុំនៅក្នុងប្រទេសមួយចំនួនតូចប៉ុណ្ណោះ ខណៈដែលផលប៉ះពាល់របស់វាអាចជះឥទ្ធិពលដល់គ្រប់ប្រទេសជុំវិញពិភពលោក។ អ្នកជំនាញបានអំពាវនាវយ៉ាងទទូចឱ្យបណ្ដារដ្ឋសមាជិកធ្វើការសម្រេចចិត្តជានយោបាយឱ្យបានរួសរាន់ ដើម្បីធានាថាបញ្ញាសិប្បនិម្មិតបម្រើដល់ប្រយោជន៍រួមរបស់មនុស្សជាតិ។

ក្នុងនាមជាតំណាងកម្ពុជា គណៈប្រតិភូបានថ្លែងដោយផ្ដោតលើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ដើម្បីជាទិសដៅសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិតទាំងក្នុងកម្រិតជាតិ និងសកលលោក ដូចខាងក្រោម៖

          ១. ការជំរុញនវានុវត្តន៍ និងការកសាងទំនុកចិត្ត៖ អភិបាលកិច្ចបញ្ញាសិប្បនិម្មិត ត្រូវផ្ដោតលើការគាំទ្រសក្ដានុពលវិជ្ជមាននៃបច្ចេកវិទ្យា ដើម្បីជំរុញនវានុវត្តន៍ ពង្រីកលទ្ធភាពប្រើប្រាស់ និងកសាងទំនុកចិត្តជាសាធារណៈ។

          ២. បទប្បញ្ញត្តិដែលឆ្លើយតបទាន់ពេលវេលា និងសកម្ម៖ ដើម្បីរក្សាបាននូវទំនុកចិត្ត ក្របខ័ណ្ឌអភិបាលកិច្ចត្រូវតែឆ្លើយតបនឹងហានិភ័យ ឆ្លើយតបទាន់សភាពការណ៍ និងសំឡឹងមើលទៅមុខ ដោយត្រូវមានវិធានការទប់ស្កាត់ជាមុននូវផលប៉ះពាល់អវិជ្ជមាន ក្នុងករណីចាំបាច់។

          ៣. ភាពជាដៃគូប្រកបដោយបរិយាបន្ន៖ ស្របតាមនិន្នាការទូទៅរបស់អាស៊ាន វិធីសាស្ត្ររបស់កម្ពុជាចំពោះអភិបាលកិច្ចបញ្ញាសិប្បនិម្មិត នឹងត្រូវរៀបចំឡើងដោយឈរលើគោលការណ៍ច្បាស់លាស់ និងចាត់ទុកវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល និងប្រជាពលរដ្ឋ ជាដៃគូដ៏សំខាន់និងខ្វះមិនបាន។

          ៤. កិច្ចសហប្រតិបត្តិការនិយ័តកម្មអន្តរជាតិ៖ សហគមន៍អន្តរជាតិត្រូវពង្រឹងកិច្ចសហការ ជាពិសេសលើការកសាងសមត្ថភាពជូននិយ័តករឌីជីថល ការចែករំលែកព័ត៌មានអំពីការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា និងការចែករំលែកបទពិសោធន៍ទាក់ទងនឹងការធ្វើនិយ័តកម្ម ព្រមទាំងការតាមដានឧប្បត្តិហេតុបញ្ញាសិប្បនិម្មិត។

          ៥. គណនេយ្យភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា៖ កម្ពុជាបានធ្វើការអំពាវនាវយ៉ាងច្បាស់លាស់មួយដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ឱ្យសហការយ៉ាងពិតប្រាកដ និងប្រកបដោយតម្លាភាពជាមួយបណ្ដារដ្ឋាភិបាលនានា ដើម្បីបង្កើតឱ្យមានអភិបាលកិច្ចបញ្ញាសិប្បនិម្មិតមួយដែលមានប្រសិទ្ធភាព។

កិច្ចប្រជុំកំពូលនេះ បានគូសបញ្ជាក់ពីចំណុចរបត់ដ៏សំខាន់មួយនៅក្នុងការទូតឌីជីថល ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា កំពុងជំរុញឱ្យមានក្របខ័ណ្ឌអន្តរជាតិមួយដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព និងកិច្ចសហការ ដើម្បីគ្រប់គ្រងនិងតម្រង់ទិសការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត។

 

Daily Program

Livesteam thumbnail