កម្ពុជាគោរព និងផ្តល់តម្លៃខ្ពស់ តួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគោរព និងផ្តល់តម្លៃខ្ពស់ដល់អាណត្តិ និងតួនាទី របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន សម្រាប់ការចុះផ្ទៀងផ្ទាត់ និងសង្កេតការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ការលើកឡើងបែបនេះ របស់លោកប៉ែន បូណា បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍ អាស៊ានប្រចាំកម្ពុជា(AOT-KH) ដឹកនាំដោយប្រធាន បេសកកម្មក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព រស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ។
ក្នុងសេចក្តីសង្ខេបស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកប៉ែន បូណាបានថ្លែងថា បេសកកម្មរបស់ក្រុម អ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជាដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក គូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា អាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
លោកថា ក្នុងស្មារតី គោរពកិច្ចព្រមព្រៀងនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូត៩លើកហើយទៅកាន់ភាគីថៃ គិតចាប់តាំង ពីបទឈប់បាញ់លើកទី២ ចូលជាធរមាន ដើម្បីស្នើបើកកិច្ចប្រជុំពិសេស នៃគណៈកម្មការចម្រុះJBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមការងារ វាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែង ប៉ុន្តែ ភាគីថៃនៅមិនទាន់បានធ្វើតាមសំណើរនេះនៅឡើយទេ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថ្មីថា “រាជរដ្ឋាភិបាលកម្ពុជា គោរពនិងផ្តល់តម្លៃខ្ពស់ដល់អាណត្តិ និងតួនាទីរបស់ក្រុមអ្នកសង្កេត ការណ៍អាស៊ានស្របតាមខ្លឹមសារ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការសង្កេតការណ៍ និងផ្ទៀងផ្តាត់ការការគោរពបទឈប់បាញ់ ក៏ដូចជាអនុវត្តន៍ខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសរួម ព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀត ដែលមានស្រាប់”។
សូមបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក៕