លោកអភិបាលនៃព្រះសហគមន៍កាតូលិកម៉ាឡេស៊ីអំពាវនាវដល់ពលរដ្ឋឱ្យយកចិត្តទុកដាក់លើថ្ងៃបុណ្យជាតិរបស់ប្រទេស

សភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃប្រទេសម៉ាឡេស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋបដិសេធការរើសអើង ការស្អប់ខ្ពើម និងពាក្យសម្តីដែលបង្កឱ្យមានការបែកបាក់ ហើយងាកមកពង្រឹងការគោរពគ្នាទៅវិញទៅមក និងមិត្តភាពវិញ ខណៈដែលម៉ាឡេស៊ីប្រារព្ធពិធីបុណ្យជាតិលើកទី ៦៣ នៅថ្ងៃទី ១៦ ខែកញ្ញា។

នៅក្នុងសារសម្រាប់ថ្ងៃបុណ្យជាតិនេះ លោកអគ្គអភិបាលព្រះសហគមន៍កាតូលិក ស៊ីម៉ុន ប៉ូហ្វ (Simon Poh) អភិបាលនៃព្រះសហគមន៍កាតូលិកនៃទីក្រុងគូជីង (Kuching) និងជាប្រធានសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកម៉ាឡេស៊ី បានអំពាវនាវឱ្យប្រជាជនម៉ាឡេស៊ីប្រយ័ត្នពាក្យសម្តី និងរក្សាចិត្តគំនិត នៅពេលនិយាយអំពីមនុស្សដែលមានជាតិសាសន៍ សាសនា និងសហគមន៍ផ្សេងៗគ្នា។

លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋបដិសេធវោហាសាស្ត្រនយោបាយ និងសាសនាដែលអាចបង្កគ្រោះថ្នាក់ដល់សហគមន៍សាសនា និងធ្វើឱ្យការបែកបាក់កាន់តែធ្ងន់ធ្ងរនៅក្នុងសង្គមម៉ាឡេស៊ី ដែលមានភាពចម្រុះទាំងជាតិសាសន៍ និងសាសនា។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយ ដែលលោក ដាតុ នូរ៉ាស្លី សាអ៊ីត (Datuk Noorazli Said) ប្រធានគណបក្ស UMNO ប្រចាំតំបន់សេប៉ាង បានចែករំលែករឿងកំប្លែងមិនសមរម្យមួយអំពី «បូជាចារ្យ និងដូនជី» ក្នុងអំឡុងពេលជួបជុំសាធារណៈ។ រឿងកំប្លែងនោះក្រោយមកបានរីករាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា លោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ហើយបានសង្កត់ធ្ងន់ថា រឿងកំប្លែងបែបនេះមិនគួរមាននៅក្នុងការជួបជុំជាផ្លូវការឡើយ។ លោកបានកត់សម្គាល់ថា ហេតុការណ៍នេះបង្កឱ្យមានការឈឺចាប់ជាពិសេស ដោយសារតែបូជាចារ្យ និងដូនជីត្រូវបានប្រជាជនម៉ាឡេស៊ីជាច្រើនគោរពស្រឡាញ់យ៉ាងខ្លាំង។

លោកក៏បានលើកឡើងពីការរួមចំណែករបស់ដូនជីកាតូលិក ដែលបានបម្រើប្រជាជនគ្រប់ជាតិសាសន៍ និងសាសនាអស់រយៈពេលជាច្រើនជំនាន់មកហើយ តាមរយៈមន្ទីរពេទ្យ ស្ថាប័នសុខុមាលភាព និងសាលារៀន។

សាររបស់ក្រុមលោកអភិបាលបានចាត់ទុកហេតុការណ៍នេះថាជាឱកាសមួយ ដើម្បីពិចារណាអំពីសារៈសំខាន់នៃការគោរពគ្នាទៅវិញទៅមក នៅក្នុងប្រទេសមួយដែលប្រជាជនមានជំនឿសាសនាផ្សេងៗគ្នា បានខិតខំរស់នៅជាមួយគ្នាដោយសន្តិភាព និងសុខដុមរមនា។

Daily Program

Livesteam thumbnail
khmer popup image