៩ខែមុនសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី៣០ មេដឹកនាំពិភពលោក អំពាវនាវឲ្យទៅមុខឲ្យលឿនពេញទំហឹង

ជំនួបដែលរៀបចំធ្វើឡើងដោយបិទទ្វារកាលពីសប្តាហ៍មុន បានប្រមូលផ្តុំ​អ្នក​តំណាង​នៃ​ប្រជាជាតិចំនួន ១៧ តាំងពីមហាអំណាចសេដ្ឋកិច្ចធំៗរបស់ពិភពលោក រហូតដល់រដ្ឋ​ដែល​ទទួលរងឥទ្ធិពលខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុ មានដូចជា​អ្នកតំណាងតំបន់​នៃ​សហភាព​អឺរ៉ុប សហភាពអាហ្វ្រិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

លោកហ្គូទែរ៉េស បានប្រាប់អំពីថាមពលរួបរួមនៃព្រឹត្តិការណ៍នេះថា វាគឹជា​កិច្ចប្រជុំកម្រិត​ខ្ពស់​នៃ​ការជួបជុំមេដឹកនាំដ៏ទំលំទូលាយបំផុតនៃថ្នាក់ជាតិ។ កិច្ចប្រជុំនេះត្រូវ​ដាក់​គោលដៅដាច់​ដោយ​ឡែកសម្រាប់អាកាសធាតុ។ ហើយក្នុងអំឡុងសន្និសីទសារព័ត៌មាន​ លោក​បាន​ថ្លែងថា ៖ “ដូចដែលយើងបានឮសព្វថ្ងៃអំពីរឿងអាកាសធាតុ ពិភពលោកឈានទៅមុខ សូមឲ្យលឿន គ្មានអង្គការណា រដ្ឋាភិបាលណា អាចបញ្ឈប់បដិវត្តថាមពលស្អាតបានទេ”។

យោងតាមលោកហ្គូទែរ៉េស មេដឹកនាំជាច្រើនបានថ្លែងអំពីក្តីប្រាថ្នារបស់ពួកគេក្នុងការ​ដាក់ស្នើ​ឲ្យបាន​លឿនបំផុតនូវផែនការថ្មីខាងអាកាសធាតុក្នុងកម្រិតជាតិដែលប្រកបដោយមហិច្ចតា និង​ក៏មាន​ការ​រួមវិភាគដាច់ខាតក្នុងកម្រិតជាតិផងដែរ។

ប្រមុខអង្គការសហប្រជាតិក៏បានស្វាគមន៍ការសន្យាដែលប្រកាន់យកដោយប្រទេសចិន តាម​រយៈសំដីរបស់លោកប្រធានាធិបតីស៊ី ជីនពីង ដោយរួមបញ្ចូលនូវការរួមវិភាគទានដាច់ខាត​ក្នុងកម្រិតជាតិ​របស់​ចិនលើសំណុំទាំងមូលនៃ​វិស័យសេដ្ឋកិច្ច និងគ្រប់ប្រភេទនៃឧស្ម័នផ្ទះ​កញ្ចក់។ នេះគឺ​ជា​ការ​បំភ្លឺច្បាស់លាស់ និងមានសារសំខាន់ខ្លាំងបំផុតសម្រាប់សកម្មភាព​អាកាស​ធាតុ។

លោកហ្គូទែរ៉េស បានសន្និដ្ឋានថា កិច្ចសន្យាថ្មីៗ ទាំងនេះ តំណាងឲ្យឱកាសល្អជាអាយុ​ជីវិត​ដើម្បីគូសវាសនូវមាគ៌ាដ៏ក្លាហានសម្រាប់ទសវត្សក្រោយ និងជាពិសេស បង្កើនល្បឿននៃ​ការ​ផ្ទេរថាមពលពីឥន្ធនៈផូស៊ីល ទៅកាន់ថាមពលកកើតឡើងវិញ នៅពេលការខិតទៅជិតដល់​សន្និសីទលើកក្រោយ សន្និសីទអន្តរជាតិស្តីអំពី​អាកាស​ធាតុលើកទី៣០ ដែលនឹងប្រព្រឹត្តទៅ​នៅ​​ខែវិច្ឆិកា នៅប្រទេសប្រេស៊ីល។ អគ្គលេខាអង្គការសហប្រជាជាតិបានបង្ហាញ​ការផ្ទេរ​ថាមពល គឺជាគន្លឹះសេដ្ឋកិច្ច​ពិភពលោក។ លោកបានបញ្ជាក់ថា ផលិតកម្មថាមពលកកើត​ឡើង​វិញគឺជាឱកាសល្អមួយនៃ​សេដ្ឋកិច្ច​ប្រចាំ​សតវត្ស ហើយក៏មើលឃើញថា វាក៏ជាផ្លូវ​ចាកចេញ​ពី​នរក​នៃ​វិបត្តិ​អាកាសធាតុ។

ប្រឈមទៅនឹងការធ្លាក់ចុះតម្លៃនៃថាមពលកកើតឡើងវិញ ដែលជាវិស័យមួយដែល​មានការ​រីក​ចម្រើនពេញទំហឹង ការបង្កើតការងារ និងជាប្រភពនៃកំណើនសេដ្ឋកិច្ច លោកហ្គូទែរ៉េស បានបញ្ជាក់ថា ៖ “បច្ចេកវិជ្ជាទាំងនេះពីពេលនេះតទៅ គឺជាផ្លូវដែលកាន់តែច្បាស់លាស់ឆ្ពោះ​ទៅ​កាន់​អធិបតេយ្យភាពថាមពល សន្តិសុខថាមពល និងការបញ្ចប់ការពឹងផ្អែកលើការនាំចូល​នៃ​ឥន្ធនៈ​ផូស៊ីល​ដែលគ្មានស្ថិរភាព និងមានតម្លៃថ្លៃ។”

ចាប់តាំងពី​កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ២០១៥ ដែលជាក្របខណ្ឌមួយសំខាន់​ក្នុង​ចំណោម​​ក្របខណ្ឌនានានៃសកម្មភាពអាកាសធាតុ ដែលសំដៅទប់ស្កាត់នូវការកើនឡើងខ្ពស់​នៃ​សីតុណ្ហភាព​ឲ្យ​នៅក្រោម 2 °C  ឬបើអាចទៅរួចឲ្យកំណើននៅត្រឹមកម្រិត 1,5 °C ការ​ព្យាករ​​នៃការឡើងកម្តៅសកលត្រូវបាន​ពិនិត្យឡើងវិញថាមានការថយចុះ។ ពីដំបូងដែលគេរំពឹងថា សីតុណ្ហភាពនឹងកើនឡើងលើសពី 4 °C ពីពេលនេះទៅដល់ដំណាច់​សតវត្ស តែការព្យាករណ៍ថ្មីគួរតែវាឡើងប្រមាណ 2,6 °C ប្រសិនបើការសន្យាសព្វថ្ងៃ​ត្រូវ​បាន​គោរព។

លោកប្រធានាធិបតីបារាំងដែលបានចូលរួមកិច្ចប្រជុំដែរ បានឲ្យដឹងថា នេះគឺជាការរីកចម្រើន​ដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់ដើម្បីឈានទៅដល់​គោលដៅដែលកំណត់​នោះទេ។

 

Daily Program

Livesteam thumbnail