« តើមានចំណុចណាខ្លះជម្រុញឲ្យយើងជឿថា៖កុមារាយេស៊ូដែលកើតក្នុងស្នូកសត្វជាព្រះសង្គ្រោះ»

បកស្រាយដោយ៖ (លោកសិលា សួន ហង្សលី អភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម)

អភិ. សួន ហង្សលី៖ បងប្អូនជាទីស្រលាញ់អាប់អាន! យើងទាំងអស់គ្នា គួរតែរិះគិតពីចារណាអំពីឋានៈរបស់ព្រះយេស៊ូ យើងដឹងថាទារកមួយដែលកើតមកក្នុងក្រោលសត្វ​ យកស្នូកសត្វជាកន្លែងសម្រាប់គេងយ៉ាងកក់ក្តៅនៅភូមិបេថ្លេហេមស្រុកយូដា។ ទារកឈ្មោះយេស៊ូនោះ! កើតមកសាមញ្ញដូចមនុស្សកុមារទូទៅ តែហេតុអ្វីយើងជឿថាទារកនោះជាព្រះគ្រីស្ត? ឬព្រះសង្គ្រោះ?

ជនជាតិអ៊ីស្រាអែលទន្ទឹងរងចាំជាយូរសតវត្សរ៍ ដើម្បីទទួលការសង្គ្រោះពីព្រះជាម្ចាស់។ តាមជំនឿរបស់យើងជាគ្រីស្តបរិស័ទ យើងបានប្រកាសថាកុមារឈ្មោះយេស៊ូដែលបានកើតក្នុងក្រោលសត្វនេះជាព្រះគ្រីស្ត ដោយសារ៖

ទី១៖ ព្រះយេស៊ូគ្រីស្តបានប្រសូត្រមកស្របទៅតាមអ្វីដែលបានចែងទុកក្នុងព្រះគម្ពីរចាស់។ មានន័យថាអស់លោកព្យាការីពីដើមដែលព្រះជាម្ចាស់បានសម្តែងឲ្យអស់លោកព្យាការីទាំងនោះថ្លែងព្រះបន្ទូលរបស់ព្រះអង្គ គឺបញ្ជាក់លក្ខណៈរបស់ព្រះយេស៊ូគ្រីស្តប្រសូត្រយ៉ាងដូចម្តេច? ហើយយាងមកយ៉ាងដូចម្តេច? ជាព្រះមហាក្សត្រយ៉ាងដូចម្តេចនៅក្នុងលោកនេះ?

ទី២៖ យើងជឿ និងទទួលព្រះយេស៊ូជាព្រះសង្គ្រោះ គឺពេលដែលព្រះអង្គបង្រៀនមហាជនទាំងព្រះបន្ទូល ទាំងកាយវិការពោរពេញដោយប្រសិទ្ធិភាព និងឫទ្ធានុភាព (សេចក្តីទាំងនេះកត់ត្រាក្នុងព្រះគម្ពីរ) ឧទាហរណ៍ថា ព្រះអង្គបានមានព្រះបន្ទូលទៅកាន់វិញ្ញាណអាក្រក វិញ្ញាណទាំងនោះគេស្តាប់បង្គាប់ និងធ្វើតាមជាដើម។ មួយវិញទៀត បើទ្រង់ព្យាបាលអ្នកជំងឺ ទ្រង់គ្រាន់តែមានព្រះបន្ទូល ឬក៏ប៉ះពាល់គេ អ្នកជំងឺក៏បានជាសះស្បើយផងដែរ។ ដូច្នេះហើយសកម្មភាពដែលទ្រង់បានធ្វើ គឺបង្ហាញពីរិទ្ធានុភាពរបស់ព្រះអង្គ។ ហើយទ្រង់ផ្ទាល់ក៏មានព្រះបន្ទូលថា ខ្ញុំជាបុត្ររបស់ព្រះជាម្ចាស់ ខ្ញុំជាព្រះគ្រីស្ត ដែលយាងមកដើម្បីសង្គ្រោះមនុស្សលោកនេះ។

ទី៣៖ ព្រះយេស៊ូបានសោយទីវង្គត់ ហើយព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ នឹងបានបង្ហាញឲ្យក្រុមសាវគបានឃើញ រួចក៏យាងឡើងស្ថានបរមសុខជាមួយព្រះបិតា និងបានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធមកក្រុមសាវក ។​ ពេលនោះដែរក្រុមសាវកលែងភ័យខ្លាច ត្រឡប់មកវិញដោយសេចក្តីក្លាហានធ្វើជាសាក្សីអំពីការស្លាប់ និងមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូ។

ក្រុមសាវគព្យាយាមប្រកាសដំណឹងល្អអំពីទ្រង់ ពិតជាព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលទ្រង់បានបូជាព្រះជន្មផ្ទាល់នៅលើឈើឆ្កាង និងទទូលជីវិតថ្មីដ៏រុងរឿងពីព្រះបិតាមកវិញពិតមែន។ សេចក្តីទាំងនេះបានបន្តមករហូតមកដល់យើងជាអ្នកជឿ និងខិតខំប្រកាសបន្តទៀត។

ទី៤៖ ការបង្រៀនរបស់ព្រះសហគមន៍ ឬក៏ជាលទ្ធិរបស់ព្រះសហគមន៍សកលដែលបានព្យាយាមបង្រៀនផ្សេងៗ តាមរយៈសន្និបាតសម័យដើម ដើម្បីប្រជុំគ្នារិះគិតពិចារណាអំពីឋានៈរបស់ព្រះយេស៊ូ ហើយអង្គសន្និបាតទាំងនោះបានបញ្ជាក់យ៉ាងច្បាស់អំពីឋានៈរបស់ព្រះយេស៊ូថា ពិតជាព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលយាងមកស្របតាមព្រះបន្ទូលសន្យាដើម្បីសង្គ្រោះមនុស្សលោក។ ហេតុនេះហើយ ចូរយើងអរគុណព្រះជាម្ចាស់ និងព្យាយាមបើកចិត្តទទួលព្រះអង្គដែលយាមសង្គ្រោះយើង ជាពិសេសក្នុងឱកាសបុណ្យព្រះយេស៊ូប្រសុត្រនេះ៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail