ហេតុអ្វីយុវជនកម្ពុជានៅតែមើលរំលង «ជំនាញបច្ចេកទេស» បើទោះជាទីផ្សារការងារកំពុងខ្វះខាត?

នៅក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសេរី ការជ្រើសរើសវិថីសិក្សារបស់សិស្ស-និស្សិតកម្ពុជានាពេលបច្ចុប្បន្ន ហាក់មានសេរីភាពទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមធំមួយដែលកំពុងកើតឡើងនោះគឺ យុវវ័យភាគច្រើនតែងតែចាប់យកជំនាញសិក្សាទៅតាមចំណង់ចំណូលចិត្ត ឬតាមគ្នា ដោយមិនបានសិក្សាអោយបានស៊ីជម្រៅពីតម្រូវការទីផ្សារការងារនាពេលអនាគតនោះឡើយ។

ផ្អែកតាមទិន្នន័យពី ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួននិស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅតែប្រឈមមុខនឹង «ភាពអត់ការងារធ្វើ»។ មូលហេតុចម្បងនៃបញ្ហានេះ គឺបណ្តាលមកពីការលើសតម្រូវការ (Mismatch) ដោយសារសិស្សភាគច្រើនសម្រុកទៅរៀនតែជំនាញសេដ្ឋកិច្ច និងធុរកិច្ច ហើយមើលរំលង ឬមិនសូវចាប់អារម្មណ៍លើ «ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ» ដូចជា ផ្នែកកសិកម្ម សំណង់ និងជាងម៉ាស៊ីន ជាដើម។

ឆ្លើយតបនឹងការមិនសូវចាប់អារម្មណ៍លើជំនាញបច្ចេកទេស យុវជនមួយចំនួនបានសម្តែងការព្រួយបារម្ភ និងលើកឡើងពីមូលហេតុផ្ទាល់ខ្លួន។ ពួកគេយល់ថា ការសិក្សានិងធ្វើការលើជំនាញបច្ចេកទេស ដូចជា សំណង់ ឬកសិកម្ម ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ ការខិតខំប្រឹងប្រែងនឿយហត់ និងកម្លាំងបាយច្រើន។ បន្ថែមពីនេះ ផ្នត់គំនិតក្នុងសង្គមក៏នៅតែជាកត្តារាំងស្ទះ ដោយសារមនុស្សមួយចំនួននៅតែ «មិនសូវផ្តល់តម្លៃ» ដល់អ្នកធ្វើការងារបច្ចេកទេស ឬការងារប្រឡាក់ដៃឡើយ បើទោះបីជាវិស័យនេះផ្តល់អត្ថប្រយោជន៍ និងប្រាក់ចំណូលខ្ពស់យ៉ាងណាក៏ដោយ។

លោក យឹម សុភត្ត្រា ដែលជាយុវជនទើបបញ្ចប់ការប្រឡងបាក់ឌុប មកពីវិទ្យាល័យទួលទំពូង បានចែករំលែកពីការសម្រេចចិត្តរបស់ខ្លួនថា លោកមិនជ្រើសរើសរៀនជំនាញបច្ចេកទេសនោះទេ ប៉ុន្តែបានសម្រេចចិត្តរៀន «អក្សរសាស្ត្រអង់គ្លេស» វិញ។

«ខ្ញុំយល់ថា កម្ពុជាកំពុងធ្វើសមាហរណកម្មអាស៊ាន ដូច្នេះភាសាអង់គ្លេសមានសារសំខាន់ណាស់»។

ទោះជាយ៉ាងណា យុវជនរូបនេះក៏បានស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម និងគ្រឹះស្ថានសិក្សា ត្រូវបង្កើនការផ្សព្វផ្សាយទូលំទូលាយបន្ថែមទៀត អំពីសារសំខាន់ និងតម្រូវការទីផ្សារការងារជាក់ស្តែងក្នុងវិស័យកសិកម្ម និងបច្ចេកទេស ដើម្បីឱ្យយុវជនបានយល់ដឹងកាន់តែច្បាស់។

ជុំវិញបញ្ហានេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សាស្ត្រាចារ្យ និងជាស្ថាបនិកសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា សិស្សភាគច្រើនតែងតែមានការភ័យខ្លាចចំពោះការប្រឡង និងមិនទាន់ច្បាស់លាស់ពីគោលដៅជីវិតភ្លាមៗនោះទេ៖

«សិស្សទាំងអស់ ទោះបីជាប្រឡងធ្លាក់ ឬជាប់ក្តី បើសិនជាអាចគួរតែរៀននៅមហាវិទ្យាល័យ ឬគ្រឹះស្ថានដែលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស។ នៅស្រុកខ្មែរយើងជិត ៨០% គឺកំពុងខ្វះខាតអ្នកមានជំនាញត្រឹមសញ្ញាប័ត្រ/ឌីប្លូម៉ា ហើយអ្នកដែលបញ្ចប់ជំនាញបច្ចេកទេសទាំងនេះ ពេលខ្លះអាចទទួលបានប្រាក់ខែច្រើនជាងអ្នករៀនចប់បរិញ្ញាបត្រផ្នែកទ្រឹស្តីទៅទៀត»។

ស្របគ្នានេះដែរ លោក ស្រី សាឡុន មន្ត្រី និងជាអ្នកជំនាញមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អនុសាសន៍ថា ប្អូនៗសិស្សានុសិស្សដែលទើបជាប់បាក់ឌុប គប្បីស្វែងយល់ឱ្យបានច្បាស់ពីទីផ្សារការងារ និងពិគ្រោះយោបល់ជាមួយមនុស្សជុំវិញខ្លួន ដូចជា ឪពុកម្តាយ ឬបងប្អូន។

«ប្រសិនបើខ្លួនឯងចង់ក្លាយជាពាណិជ្ជករ ឬវិស្វករផ្នែកបច្ចេកទេស ត្រូវគិត និងរៀនឱ្យចំជំនាញ។ រៀនធនាគារ មិនមែនចេញទៅបើកធនាគារខ្លួនឯងឯណា! អ្វីដែលសំខាន់ ត្រូវស្គាល់ពីចំណង់ចំណូលចិត្ត និងសមត្ថភាពពិតប្រាកដរបស់ខ្លួនឯង»។

ជាមួយគ្នានេះ លោក សុន ឧត្តម និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បច្ចេកទេសឧត្តម ផ្នែកសុវត្ថិភាពចំណីអាហារ បានប្រៀបធៀបការសិក្សាទៅនឹងការបរិភោគអាហារយ៉ាងដូច្នេះថា៖

«ការរៀនសូត្រវាដូចជាការបរិភោគអាហារ។ ប្រសិនបើអាហារគ្មានសុវត្ថិភាព វានឹងធ្វើឱ្យយើងឈឺ។ ដូចគ្នានេះដែរ ការសិក្សាមិនមែនរៀនគ្រាន់តែឱ្យតែបានចប់នោះទេ គឺត្រូវរៀនជំនាញណាដែលថាខ្លួនអាចមានការងារធ្វើ និងអនាគតច្បាស់លាស់»។

 

Daily Program

Livesteam thumbnail
khmer popup image