យុទ្ធនាការ«មិត្តអប់រំមិត្ត មិត្តជួយមិត្ត»ចូលរួមលើកកម្ពស់ស្មារតី កូនល្អ មិត្តល្អ និងពលរដ្ឋល្អ
យុទ្ធនាការ«មិត្តអប់រំមិត្ត មិត្តជួយមិត្ត» ស្តីពី «សុខភាពអនាម័យ វិធីសន្សំប្រាក់ បញ្ហាគ្រឿងញៀន និងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ» បានចូលរួមលើកកម្ពស់ស្មារតី កូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ។ យុទ្ធនាការនេះ បានទទួលការគោរពកោតសរសើរពី មាតាបិតា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ យ៉ាងទូលំទូលាយ។
កម្មវិធីផ្សព្វផ្សាយ (យុទ្ធនាការ) ស្តីពី មិត្តអប់រំមិត្ត មិត្តជួយមិត្ត ជាកម្មវិធីផ្តួចផ្តើមដោយ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ស្មារតី កូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ។ ស្របតាមស្មារតីនេះ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនដើម្បីផ្សព្វផ្សាយ ក្នុងសាលារៀនទូទាំងប្រទេស និងបានទទួលការគោរពកោតសរសើរពី មាតាបិតា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យ៉ាងទូលំទូលាយ។
បន្ថែមពីនេះ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ក៏បានផ្តួចផ្តើមជំរុញផែនការសកម្មភាពបន្ថែមថ្មីៗ សម្រាប់យុវជនស្ម័គ្រចិត្តកាកបាទក្រហម ដើម្បីចូលរួមធ្វើសកម្មភាព«មិត្តអប់រំមិត្ត មិត្តជួយមិត្ត»លើផែនការសកម្មភាពយុទ្ធនាការ ៤ ដែលក្នុងនោះរួមមាន៖ យល់ដឹងពីសុខភាពអានាម័យ (ស្អាតជានិច្ច), យល់ដឹងពីការរៀនសន្សំប្រាក់ (តក់ៗពេញបំពង់), យល់ដឹង និងជៀសវៀងដាច់ខាត់ពីគ្រឿងញៀន, និងយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្តាញពត៌មានសង្គម និងចូលរួមទប់ស្កាត់ពត៌មានក្លែងក្លាយ។
ជាមួយគ្នានោះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានស្នើសុំឱ្យក្រុមប្រឹក្សាកុមារ បញ្ចូលកម្មវិធីទាំង៤ ដែលរួមមាន៖ កម្មវិធីអនាម័យ, កម្មវិធីសន្សំប្រាក់, កម្មវិធីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, និងកម្មវិធីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីជួយគាំទ្រ និងផ្សព្វផ្សាយបន្ត ក្នុងគោលដៅឱ្យកុមារ និងសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់លើកត្តាទាំង៤នេះបន្ថែមទៀត៕