ក្រុមនិស្សិតយោធាកម្ពុជា ដែលសហរដ្ឋអាមេរិក ផ្តាច់អាហារូបករណ៍ ថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា
ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិក បានបង្ហាញនូវក្តីរំភើប និងអរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង ដែលបានជួយបង់ថ្លៃសិក្សាដល់ពេលគេទាំង៦នាក់ ដើម្បីបន្តការសិក្សាដល់ទីបញ្ចប់ ក្រោយរដ្ឋាភិបាលអាមេរិកសម្រេចបញ្ឈប់ការផ្តល់អាហារូបករណ៍។
ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិកទាំងនោះ បានបង្ហាញនូវអារម្មណ៍ សប្បាយចិត្តរៀងៗខ្លួន តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេ ដោយអរគុណនិងដឹងគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំង ដែលមិនបោះបង់ពួកគេ។
និស្សិតម្នាក់ ឈ្មោះ អ៊ុន វុឌ្ឍិ ជាសិក្ខាកាមកម្ពុជា ដែលកំពុងសិក្សានៅសាលាបណ្ឌិតសភាយោធាជើកគោកសហរដ្ឋអាមេរិក (United States Army Academy) នៃសាលា West Point ឆ្នាំទី១ បានលើកឡើងយ៉ាងនេះថា ៖ «ខ្ញុំបាទពិតជាមានសេចក្ដីក្តីរំភើប និងរីករាយក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិកម្ពុជា សម្រេចផ្តល់ការឧបត្ថម្ភថវិកាសម្រាប់ការសិក្សារបស់ខ្ញុំ សម្រាប់រយៈពេល៣ឆ្នាំខាងមុខទៀត រហូតដល់ទីបញ្ចប់ បន្ទាប់ពីការបញ្ឈប់ផ្ដល់ជំនួយឧបត្ថម្ភអាហារូបករណ៍ពីសំណាក់រដ្ឋាភិបាលអាមេរិក»។
និស្សិតរូបនេះ បន្តថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារដោះស្រាយវិបត្តិ covid-19 នៅក្នុងប្រទេសកម្ពុជាលំបាកប៉ុណ្ណាក្តី ប៉ុន្ដែថ្នាក់ដឹកនាំនូវតែយកចិត្តទុកដាក់ខ្ពស់និងមានចំណាត់ការបន្ទាន់សម្រាប់ដោះស្រាយការឧបត្ថម្ភជូននិស្សិតយោធាទាំង៦ រូបដែលកំពុងជួបការលំបាក និងខ្វះខាតក្នុងការបន្តការសិក្សានៅសហរដ្ឋអាមេរិកផងដែរ។
ជាមួយគ្នានេះ និស្សិតម្នាក់ទៀត ឈ្មោះ ឡុង តុលា ជានិស្សិតអន្តរជាតិតំណាងឲ្យកម្ពុជា ដែលបានជាប់ អាហារូបករណ៍បណ្ឌិតសភាទ័ពអាកាសអាមេរិកនិងកំពុងសិក្សាឆ្នាំទី១ បានប្តេជ្ញាចិត្តថា រូបគេនឹងខិតខំសិក្សារៀនសូត្រឲ្យទទួលបានជោគជ័យ និងទទួលលទ្ធផលល្អប្រសើរ ដោយវិលមកបំពេញការងារជូនជាតិមាតុភូមិវិញ ដើម្បីសងគុណនិងដឹងគុណចំពោះថ្នាក់នាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិ ដែលបានយកចិត្តទុកដាក់ជួយដល់ខ្លួនក៏ដូចជានិស្សិតរូបផ្សេងទៀត ដែលត្រូវអាមេរិកផ្តាច់អាហារូបករណ៍ពាក់កណ្តាលទី៕