កម្មវិធី«មហោស្រពអក្សរសិល្ប៍ខ្មែរ»នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១-០៣ វិច្ឆិកា នៅខេត្តកំពង់ចាម
«មហោស្រពអក្សរសិល្ប៍ខ្មែរ» លើកទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១-០៣ វិច្ឆិកា នែខេត្តកំពង់ចាម ក្រោមប្រធានបទ «អក្សរសិល្ប៍បៃតង» ដែលនឹងមានវត្តមាននៃការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍លើការតែងនិពន្ធ។
បើតាមគេហទំព័រហ្វេសប៊ុកនៃ មហោស្រពអក្សរសិល្ប៍ខ្មែរ (Khmer Literature Festival) បានឱ្យដឹងថា «មហោស្រពអក្សរសិល្ប៍ខ្មែរ» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១-០៣ វិច្ឆិកា នែខេត្តកំពង់ចាម ក្រោមប្រធានបទ «អក្សរសិល្ប៍បៃតង» ដែលនឹងធ្វើឡើងនៅទីតាំងសាលាចំនួន៣ គឺ វិទ្យាល័យព្រះសីហនុ វិទ្យាល័យ ហ៊ុនសែនកំពង់ចាម និង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលនឹងមានការចូលរួមដោយសិស្សវិទ្យាល័យនីមួយៗ។
បន្ថែមពីនេះទៅទៀត កម្មវិធីនេះអនុញ្ញាតឱ្យសាធារណៈជនដែលមកពីទីជិតឆ្ងាយអាចចូលរួមបានផងដែរដែលមានការធ្វើដំណើរជាមួយគ្នា និងមានការជ្រើសរើសជាទីតាំងសម្រាប់ទស្សនកិច្ចវប្បធម៌ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ៩:៣០នាទីព្រឹក ដោយមានការចូលរួមពីលោក ស៊ាង សុភាក់ ជាមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម ដែលនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ វត្តបទុមរតនៈដីដុះ ផ្សារធំកំពង់ចាម ប៉មបារាំង និង វត្តនគរបាជ័យ។
កម្មវិធីនេះនឹងមានវេទិកាពិភាក្សានានាដូចជាវេទិកាពិភាក្សាស្ដីអំពី៖ «តួនាទីអក្សរសិល្ប៍ក្នុងការលើកកម្ពស់ និងចូលរួមការពារបរិស្ថាន» ដែលនឹងប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាល័យ ហ៊ុន សែនកំពង់ចាម ក្រុងកំពង់ចាម ចាប់ពីម៉ោង ១៣:៣០នាទី ដល់ម៉ោង ១៥:០០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ វេទិកាពិភាក្សានេះនឹងមានការចូលរួមពី៖ លោក នួន គង់សល្យ ប្រធាន មន្ទីរបរិស្ថាន ខេត្តកំពង់ចាម, អ្នកនិពន្ធខ្មែរ-អូស្ត្រាលី Alice Pung, ឆុន ស្រស់ សិល្បករថតរូប និងសម្របសម្រួលដោយ វង្ស សុជាតា។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែមពី «មហោស្រពអក្សរសិល្ប៍ខ្មែរ» សូមទាក់ទងមកកាន់ទូរសព្ទលេខ៖ +85571 448 2418 (ហង្ស សុខជា), +855 77 444 667 (ទាវ បណ្ដូល), +855 12 935 223 (សូ ភីណា)៕