៥០ឆ្នាំ​ក្រោយ ព្រះសហគមន៍កម្ពុជា​មានលោកអភិបាល​ជាតិខ្មែរ​ទី២

ក្នុងបរិយាកាសដ៏អធិកអធម និងប្រកបដោយមនោសញ្ចេតនារីករាយ គ្រីស្តបរិស័ទកាតូលិកប្រមាណ ៤,០០០ នាក់ បានមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ចូលរួមក្នុងពិធីអគ្គតែងតាំងជាអភិបាល លោក សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

ពិធីប្រវត្តិសាស្ត្រដែលបានរៀបចំឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ស្ថិត​ក្រោម​អធិបតី​ភាព​របស់​លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​មាន​វត្តមាន​ចូល​រួម​ពី លោក​អគ្គរាជទូត​សន្ត​អាសនៈប្រចាំ​កម្ពុជា លោក​កាឌីណាល់ និង​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​មក​ពី​បណ្តា​ប្រទេស​ជិត​ខាង​ដូចជា​ ឡាវ ភូមា ថៃ ម៉ាឡេស៊ី និង វៀតណាម​។ ជាមួយ​គ្នានេះ​ក៏​មាន​ព្រះវត្តមាន​ដ៏ខ្ពង់ខ្ពស់​ពី​​សម្តេច​ព្រះអភិសិរី​សុគន្ធា​មហាសង្ឃរាជា​ធិបតី កិត្តិ​ឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ព្រះមហា​សង្ឃរាជ នៃ​គណៈ​ធម្មយុត្តិកនិកាយ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ សម្ដេច​ព្រះមហា​អរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ​ អមដោយ​ព្រះសង្ឃ​ជាច្រើន​អង្គ និង​តំណាង​ឥស្លាមសាសនា និង​គ្រីស្តសាសនា​និកាយប្រតេស្តង់​មួយ​ចំនួន។

លោក​សិលា សួន ហង្សលី​ត្រូវ​បាន​សម្តេចប៉ាប​ឡេអូទី​១៤​ចេញព្រះរាជក្រឹត្យ​តែងតាំងកាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៥។ លោកជា​អភិបាល​ខ្មែរ​ទី២ បន្ទាប់​ពី​លោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់​ដែល​ត្រូវ​បាន​តែងតាំង​កាលពីថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ១៩៧៥។​

លោកអភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍ស្វាគមន៍លោកអភិបាល​ថ្មី មក​កាន់​ភូមិភាគ​របស់​លោក ដោយលើកឡើងថា លោក​អភិបាល​ជា​ទីស្រឡាញ់ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​លោក​អភិបាល «​ពី​អ្នក​នេសាទ​ត្រី​នៅ​ទន្លេ​មេគង្គ ដើម្បី​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​លើ​ទឹក​ដី​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ»។

លោក​អភិបាល​អូលីវីយ៉េ បន្ថែម​ថា ក្នុងភូមិភាគ​នេះ «មាន​ប្រជារាស្ត្រ​មួយ​ដ៏​មាន​ជីវិត យើង​មាន​បូជាចារ្យ​ដែល​ពោរពេញ​ដោយ​កម្លាំង ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​មណ្ឌល​សកម្មភាព​ទាំង​១០»។

លោកអភិបាល​រំលឹកទៀតថា ក្នុងនោះ​ក៏​មាន​បព្វជិត បព្វជិតា ការិយាល័យ​នៅ​ក្នុង​ភូមិភាគចំនួន​១០ដែល​ពោរពេញដោយកម្លាំង ហើយ​ក៏មាន​សាលា​រៀនពីថ្នាក់​មត្តេយ្យ រហូតដល់​ឧត្តមសិក្សា ​មណ្ឌល​ដើម្បី​ទទួល​ជន​មាន​ពិការ​ភាព ​មណ្ឌល​ដើម្បី​ធ្វើ​សិប្បកម្ម និង​រមណីដ្ឋាន​ជាដើម។

លោកអភិបាល​អូលីវីយ៉េ​ បន្ថែមថា «យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​លោក​អភិបាល​បង្ហាញ​ផ្លូវ​នៃ​ជំនឿ​ដល់​គ្រីស្ត​បរិស័ទ ជា​ពិសេស​ណែនាំ​ឱ្យ​ជំនឿ​នេះ​អាច​មាន​ជះ​ពន្លឺ​យ៉ាង​ច្រើន​នៅ​ក្នុង​ទឹក​ដី​របស់​យើង តាម​រយៈ​សេចក្តី​ស្រឡាញ់ តាម​រយៈ​សេចក្តី​សង្ឃឹម​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់​។»

លោកអេនរីគេ ហ្វីការេដូ ប្រធានក្រុម​សភាលោកអភិបាល​ឡាវនិងកម្ពុជានិង​ជា​អភិបាល​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​បាត់ដំបង មានប្រសាសន៍ថា លោកសូម​អរគុណ​លោក​អភិបាល​ហង្សលី ដែលមានចិត្ត​ទូលាយ ​សុខ​ចិត្ត​ទទួល​មុខងារ​ជា​អភិបាលនេះ។ លោក​បន្ថែមថា «តួនាទី​របស់​លោកអភិបាលទទួល​ ​មិន​ងាយស្រួលទេ ប៉ុន្តែ​យើង​នៅ​ជាមួយគ្នា​។ យើង​អធិដ្ឋាន យើង​លើក​ទឹកចិត្ត​គ្នា​ យើង​ធ្វើដំណើរជាមួយគ្នា»។

លោក​អភិបាល​គីគេ​បន្ថែមថា ក្រុមលោក​អភិបាល​ឡាវ​និង​កម្ពុជា យើង​រួបរួម​គ្នា​ធ្វើដំណើរ​ទៅខាងមុខ​។ «សូមលោកអភិបាលលី ជួយ​យើង​ដែល​ជា​ព្រះសហគមន៍​ឲ្យចូលជ្រៅ​​ក្នុងជំនឿ ក្នុងការងារ​កសាងសន្តិភាព​ ដើម្បី​ឲ្យយើងមាន​សង្គម​មួយ មាន​យុត្តិធម៌​សម្រាប់​អ្នកក្រីក្រ យុត្តិធម៌​ដែល​នាំ​ឲ្យយើង​មាន​សន្តិភាព​និង​សេចក្តី​សុខសាន្ត។»

ក្នុងពិធី​នេះ​ដូនជី អាង សង្វាត នៃក្រុម​គ្រួសារ​ស្រឡាញ់​ឈើឆ្កាង​ព្រះយេស៊ូ មាន​ប្រសាសន៍ថា គាត់​សប្បាយ​រីករាយ​ដែល «​ឥឡូវនេះ​យើងចាប់ផ្តើមមានលោកអភិបាលដែលជនជាតិខ្មែរ ដែលទទួល​ខុសត្រូវ​ក្នុង​ព្រះសហគមន៍ខ្មែរ»។ ប៉ុន្តែក៏មានអារម្មណ៍មួយទៀតសោកស្តាយដោយសារបន្តិច​ទៀត លោកអភិបាល​ហង្សលី​​នឹងត្រឡប់មកនៅភ្នំពេញវិញ ហើយពួកយើងត្រូវមាន​លោកអភិបាល​ថ្មី​មួយ​ទៀត។

ចំពោះ​ការតែងតាំង​នេះ ដូនជី​សង្វាត សង្ឃឹមថា «អនាគត​ព្រះសហគមន៍​ប្រទេស​កម្ពុជា​នឹង​អាច​ឈរ​​លើជំហររបស់ខ្លួនឯង ហើយអាច​រីកចម្រើនតទៅមុខទៀត»។  គាត់​បន្ថែមថា «ខ្ញុំសង្ឃឹមថា លោក​អភិបាល​​សិលាសួន ហង្សលី នឹងក្លាយជា​លោកអភិបាលម្នាក់ដែល​​ចូលរួម និងមានទំនាក់ទំនង​ជាមួយ​នឹង​បងប្អូន​ផ្សេងៗទៀត​ដោយ​ងាយស្រួល»។

រីឯអ្នកស្រី យូរ ឆ្មារ ប្រាកដ ជា​ប្អូនស្រី​របស់​អតីតអភិបាល​ឆ្មារ សាឡាស់ បាន​ប្រាប់​ថា រយៈ​ពេល​៥០ឆ្នាំក្រោយ​សង្គ្រាម​ស៊ីវិល ទើប​យើង​មាន​អគ្គសញ្ញាតែងតាំងជា​អភិបាល​ខ្មែរ​នេះ​ម្តងទៀត។

អ្នកស្រី​បន្ត​ថា «នៅពេលដែលខ្ញុំបានទទួលដំណឹងថា លោកអភិបាលលី នឹងត្រូវតែងតាំងជាលោកអភិបាលឧបត្ថម្ភកៈ របស់លោកអភិបាលអូលីវីយ៉េ ខ្ញុំរំភើបមែនទែន»។

គ្រីស្តបរិស័ទ​រូបនេះ​បន្តទៀតថា គាត់​សូម​អរព្រះគុណ​ព្រះជាម្ចាស់ ដែល​ ស្រឡាញ់ព្រះសហគមន៍កម្ពុជារហូតមក។ ឥឡូវនេះព្រះជាម្ចាស់បានជ្រើសរើសលោកអភិបាលហង្សលី ឲ្យធ្វើជាលោកអភិបាលដើម្បីទទួលថែរក្សាហ្វូងចៀម ដែលជាគ្រីស្តបរិស័ទនៅប្រទេសកម្ពុជាយើង។

អ្នកស្រី​បន្ថែម​ថា «ព្រះជាម្ចាស់ប្រទានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់យ៉ាងបរិបូណ៌ ឲ្យប្រជារាស្ត្រកម្ពុជាឲ្យគេបានស្គាល់ព្រះអង្គ»។

ព្រះសហគមន៍កាតូលិក​កម្ពុជា​ក៏​ដូចជា​ប្រជាជន​ក្នុងប្រទេស​ទាំងមូល បាន​ចូល​ក្នុង​របប​វាលពឃាត ដែល​ធ្វើ​ឲ្យ​បាត់​បង់​ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ពន្ធ និង​អ្វីៗស្ទើរ​គ្មានសល់ ទាំង​លោក​អភិបាល​ លោក​បូជាចារ្យ បព្វ​ជិត បព្វ​ជិតា គ្រហស្ថ និង​គ្រីស្តបរិស័ទ ត្រូវ​បាន​ស្លាប់​និង​សម្លាប់។

មុន​ពេល​បិទបញ្ចប់កម្ម​វិធី​លោកអភិបាល​សិលា សួន ហង្សលី ដែលទើបនឹងតែង​តាំង​ថ្មី បាន​បង្ហាញ​នូវ​ការ​ដឹងគុណ​ចំពោះ​ព្រះជាម្ចាស់​ សម្តេចប៉ាប គ្រួសារអ្នកបួស និង​គ្រីស្តបរិស័ទ​ទាំងអស់ ដែល​បាន​មក​ចូលរួម​ និង​គាំទ្រលោក​ក្នុងមុខងារថ្មីនេះ។

លោក​មាន​ប្រសាសន៍ថា «ខ្ញុំរីករាយនឹង​ចូលរួម​ក្នុងក្រុម​សភាលោកអភិបាល​ក្នុងភាព​ជាធ្លុងតែ​មួយ និង​ពាក្យសច្ចារួម។ ខ្ញុំ​អរគុណលោកបូជាចារ្យទាំងអស់​ដែល​មក​ចូលរួម​ពីទីជិតនិងឆ្ងាយ ជាមួយខ្ញុំ ក្នុងមុខងារនេះ។»

លោក​បន្ថែម​ថា អ្វីៗដែលលោក​បាន​ទទួល​ពីគ្រួសារ​ សាច់​ញាតិ និងមិត្តភក្តិ គឺ​ជា​ «សក្ខីភាព​ទី​១​ និងជា​សសរស្តម្ភ»​សម្រាប់ការត្រាស់ហៅ​របស់​​លោក «បើគ្មានអ្នកទេ ក៏គ្មាន​ខ្ញុំនៅ​ពេលនេះ​ដែរ»។

និយាយ​ទៅកាន់គ្រីស្តបរិស័ទ​ទាំងអស់ លោក​បញ្ជាក់ថា លោក​ត្រៀម​ខ្លួនជានិច្ច ដើម្បី​«ស្វាគមន៍​ សួរ រៀន និង​ស្រឡាញ់​បងប្អូន។ យើង​នឹងធ្វើដំណើរួមគ្នា ​ក្រោម​ពន្លឺនៃដំណឹងល្អ នៃអំណរនៃការរួបរួមគ្នាជាធ្លុងតែមួយ។»

លោក​អភិបាល​សិលា សួន ហង្សលី ប្រសូត្រ​នៅ​ថ្ងៃ១៥ ខែមេសា ឆ្នាំ១៩៧១ នៅ​ភូមិ​ក្បាល​កោះ ឃុំ​សារិកា​កែវ ស្រុក​ល្វាឯម ខេត្ត​កណ្តាល។ លោក​ត្រូវ​បាន​តែ​ងតាំងជា​បូជាចារ្យនៅ​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០០១។ ក្រោយក្លាយជាបូជាចារ្យលោក​បម្រើ​ព្រះសហគមន៍កំពតនិង​តាកែវ ហើយ​បាន​បន្ត​សិក្សានៅ​ឯ​ប្រទេស​បារាំង ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត ផ្នែក​ទេវ​វិទ្យា​ជីវិត​ផ្លូវ​វិញ្ញាណ។ ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០១៥ លោក​បាន​វិល​ត្រឡប់​មក​មាតុភូមិ​វិញ ហើយ​បាន​បំពេញ​ការងារ​ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​ភ្នំពេញ​ថ្មី។ នៅ​ឆ្នាំ​២០១៦ លោក​ត្រូវ​បាន​ជ្រើស​តាំង​ជា​តំណាង​ពេញ​សិទ្ធិ​របស់​លោក​អភិបាល អូលីវីយ៉េ។ ហើយ​នៅ​ឆ្នាំ​២០១៩ លោក​ទទួល​ខុស​ត្រូវ​ជា​នាយក​ទេវ​វិទ្យាល័យ​សន្ត​យ៉ូហាន ម៉ារី វីយ៉ាណែរ។ ក្នុង​ឆ្នាំ​២០២២ សម្តេច​ប៉ាប​ហ្រ្វង់​ស៊ីស្កូ បាន​ជ្រើស​តាំង​លោក សិលា សួន ហង្សលី ជា​អ្នក​ណែនាំ​ព្រះសហគមន៍​ភូមិ​ភាគ​កំពង់ចាម។ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៥ សម្តេច​ប៉ាប​ឡេអូ​ទី​១៤ បាន​ប្រកាស​ជា​ផ្លូវ​ការ ជ្រើស​រើស លោក សិលា សួន ហង្សលី ជា​អភិបាល​ឧបត្ថម្ភកៈ​នៃ​ព្រះសហគមន៍​ភូមិ​ភាគ​ភ្នំពេញ។

ក្នុងឱកាសនោះ​ដែរ លោក​អគ្គរាជទូត​សន្តអាសនៈ​​សម្រាប់​ប្រទេស​កម្ពុជា​ លោក​អគ្គអភិបាល​ប្រាយ អ៊ិន វែលស៍ មានប្រសាសន៍​សូម​ឲ្យ​គ្រីស្តបរិស័ទ​ទាំងអស់​រួបរួម​គ្នាអធិដ្ឋាន និង​គាំទ្រ​លោកអភិបាល​ថ្មី​និង​លោកអភិបាល​អូលីវីយ៉េ ដើម្បីកសាងព្រះសហគមន៍​និង​ធ្វើ​ដំណើរ​រួម​គ្នា​ក្នុង​សេចក្តីស្រឡាញ់​របស់ព្រះគ្រីស្ត។

«សូម​បងប្អូន​រួមគ្នា ដើម្បី​​យក​ឈ្នះ​ស្រមោលនៃ​អតីតកាល​ តាម​រយៈជំនឿ ​សេចក្តីសង្ឃឹម និង​ចិត្ត​សប្បុរស»។ លោកអគ្គអភិបាល ងាកទៅកាន់លោកអភិបាល​ហង្សលី ដោយ​ពោលថា «ក្នុងនាម​សម្តេចប៉ាប​ឡេអូទី១៤ បុរីវ៉ាទីកង់ បុគ្គលិក​នៃ​ការិយាល័យអគ្គរាជទូត និង​ព្រះសហគមន៍សកល ខ្ញុំ​សូម​អបអរសាទរ និង​ការអធិដ្ឋានសម្រាប់​ការបម្រើរបស់​លោក​ប្អូន​។ សូម​ព្រះមាតា​នៃ​ទន្លេមេគង្គជួយអង្វរព្រះជាម្ចាស់​​សម្រាប់​លោកប្អូន។ សូម​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដឹកនាំ​លោកប្អូន​ជានិច្ច។»

លោកអគ្គរាជទូត​បាន​ប្រកាស​ទៀតថា​ លោកសិលា សួន ហង្សលី បានបញ្ចប់​មុខងារ​របស់​គាត់​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​កំពង់ចាម​ ប៉ុន្តែ​លោកនឹងទទួល​ខុស​ត្រូវ​មើល​ថែរកក្សា​ភូមីភាគ​នេះ​រហូតដល់​មានការចាត់តាំង​ថ្មី​ពី​សម្តេចប៉ាប៕

 

ដោយ​កែវ កញ្ញា

 

 

Daily Program

Livesteam thumbnail
khmer popup image