យោងតាមវិមានក្រឹមឡាំង ការពិភាក្សារវាងលោកវ្លាឌីមៀ ពូទីន និងលោកស្តេវ វីតកូហ្វ មានន័យស្ថាបនា

ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី តាស (Tass) បានរាយការណ៍ឲ្យដឹងថា ជំនួបរវាងលោកវ្លាឌីមៀ ពូទីន និងលោកស្តេវ វីតកូហ្វ បេសកជនពិសេសរបស់លោក​ដូណាល់ ត្រាំ មានរយៈពេលជិត ៣ម៉ោង និងបានបញ្ចប់នៅថ្ងៃពុធទី៦ ខែសីហា។

ទីប្រឹក្សាការទូតនៃប្រមុខរដ្ឋរុស្ស៊ី លោកលូរី អ៊ូចាកូវ បានថ្លែថា ៖​”កិច្ចសន្ទនាដ៏មានសារ ប្រយោជន៍ និងស្ថាបនាបានរៀបចំឡើងនៅវិមានក្រឹមឡាំងអំពីសង្រ្គាម​នៅអ៊ុយក្រែន និង ទំនាក់ទំនងរុស្ស៊ី អាម៉េរិក។” លោកអះអាងថា រុស្ស៊ី បានបញ្ជូននូវសញ្ញាខ្លះ​លើសំណុំរឿង អ៊ុយក្រែន។

យោងតាមរូបភាពដែលផ្សព្វផ្សាយដោយសេវាសារព័ត៌មាននៃប្រធានាធិបតីរុស្ស៊ី បានឲ្យដឹង​ថា ក្នុងជំនួបជាមួយលោកពូទីន បេសកជនពិសេសអាម៉េរិក ត្រូវបានទទួលនៅពេលលោក​មក​ដល់​​ពេលព្រឹកនៅទីក្រុងមូស្គូដោយតំណាងពិសេសនៃប្រធានាធិបតីរុស្ស៊ី លោកគីវីល ឌីមីទ្រីវ។ លោកស្តេវ វីតកូហ្វ ដែលជាមនុស្សទទួលបានការទុកចិត្ត​ពី​លោក​ដូណាល់ ត្រាំ សម្រាប់​បេសកកម្ម​សន្តិភាព បានជួបប្រធានាធិបតីរុស្ស៊ីជាច្រើនដង​មក​ហើយ ប៉ុន្តែមិនមាន​ជំនួប​​ណាមួយ​​នាំទៅដល់ការប្រែប្រួលជាផ្លែផ្កាទេ។  

ដូច្នេះតើគេអាចរំពឹងពិតប្រាកដពីអ្វីសម្រាប់ជំនួបលើកចុងក្រោយនេះដែរឬទេ? លោក​មីស្ហ៉ែល ឌុយក្លូ គឺជាអតីតអគ្គរដ្ឋទូត និងសព្វថ្ងៃជាទីប្រឹក្សាពិសេសនៅវិទ្យាស្ថានម៉ុងទែង វិទ្យាស្ថាន​ក្រុម​អ្នករិះគិតនៅទីក្រុងប៉ារីសប្រទេសបារាំង។ លោកមីស្ហ៉ែល ឌុយក្លូ វាយតម្លៃថា វានឹង​ភ្ញាក់​ផ្អើល​បើឃើញមានការឈានទៅមុខពិតប្រាកដនៃសន្តិភាព។

ជំនួបនេះ ប្រព្រឹត្តទៅមុនពីរថ្ងៃ មុននឹងដល់ថ្ងៃចុងក្រោយនៃឱសានវាទដែលដាក់ដោយ​លោក​ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ ចាប់តាំងពីថ្ងៃសុក្រមុន ប្រធានាធិបតីអាម៉េរិក បានផ្តល់​ពេល​ឲ្យ​រុស្ស៊ីសម្រាប់ឲ្យរុស្ស៊ីបញ្ជប់ការវាយប្រហារលើអ៊ុយក្រែន ក្រោមទម្ងន់នៃទណ្ឌកម្មថ្មីៗ។ លោកគំរាមដាក់ច្បាប់ពន្ធគយបន្ថែមសម្រាប់ប្រទេស​ដែលបន្ត​ធ្វើពាណិជ្ជកម្មជាមួយ​ទីក្រុង​មូស្គូ ដូចជាចិន និងឥណ្ឌា។ ចំណែកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃពុធ ទី៦ ខែសីហា បានលើកទឹកចិត្តឲ្យពង្រឹងគ្រប់ទណ្ឌកម្ម​ដែលត្រូវដាក់​ដោយ​​សហរដ្ឋ​អាម៉េរិក អឺរ៉ុប និងក្រុមប្រទេស ជី៧ (G7) ប្រឆាំងរុស្ស៊ី មុនបន្តិចពីការទៅដល់​របស់​លោកស្តេវ វីតកូហ្វ ទៅកាន់រដ្ឋធានីរបស់រុស្ស៊ី។ កាលពីថ្ងៃអង្គារលោកហ្សេឡេនស្គី​បាន​អំពាវនាវ​​យ៉ាង​ខ្លាំង​ឲ្យមាន​ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងសន្ទនា​ធ្វើកិច្ចសហប្រតិបត្តិការយោធា​តាម​ទូរសព្ទ​​​ជាមួយ​លោក​ដូណាល់ ត្រាំ  និងមានការលើកអំពីគម្រោងនៃកិច្ចព្រមព្រៀងអំពី​ដ្រូន​ផងដែរ។

ជំនួបនេះកើតមានឡើងនៅខណៈដែលទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិកបានកើន​ឡើង​នូវភាពតានតឹងដល់កំពូលចាប់តាំងពីសប្តាហ៍មុនជាមួយ​និងការដាក់ពង្រាយនាវា​មុជ​ទឹក​នុយក្លេអ៊ែរពីរ​គ្រឿងពីលោកដូណាល់ ត្រាំ ក្រោយពីលោកមានជម្លោះតាមបណ្តាញសង្គម​ជាមួយ​លោកឌីមីទ្រី ម៉េវ៉េដេវ អតីតប្រមុខរដ្ឋ​រុស្ស៊ី។ ប៉ុន្តែប្រធានាធិបតីអាម៉េរិក​មិន​បាន​បញ្ជាក់ថា កន្លែងដែលនាវាមុជទឹកទាំងនោះនឹងត្រូវបញ្ជូនទៅនោះទេ។ ទាំងនោះគឺជា​នាវា​មុជ​ទឹក​​ដែលដើរដោយកម្លាំងរុញច្រាននុយក្លេអ៊ែរ និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​ផងដែរ។

លើសពីនេះ ប្រធានាធិបតីអាម៉េរិកបានសម្តែងកាន់តែបើកចំហនូវការខូចចិត្ត​របស់​​លោក​ចំពោះ​​លោកវ្លាឌីមៀ ពូទីន។ ឆ្លើយតបចំពោះអ្នកកាសែតដែលធ្លាប់​បានសួរ​លោក​ថា តើមាន​មធ្យោ​បាយដើម្បីឲ្យគាត់​បញ្ចៀស​ទណ្ឌកម្ម​ដែរឬទេ? លោកដូណាល់ ត្រាំបានឆ្លើយថា គឺគេ​ទៅ​​បង្ហើយ​កិច្ចព្រមព្រៀងដើម្បីកុំឲ្យ​មានមនុស្ស​​ស្លាប់បន្តទៀត។

ចំណែកវិមានក្រឹមឡាំងបានបរិហារការគំរាមដែលមិនស្របច្បាប់។ ទោះបីមានសំពាធ​ដែល​​ដាក់​ចុះដោយទីក្រុងវ៉ាស៊ីនតុន ការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែននៅតែ​បន្ត។

 

Daily Program

Livesteam thumbnail