ព្រះសង្ឃខ្មែរ បិណ្ឌបាត្រប្រទេសថៃ គោរពបទឈប់បាញ់ជានិរន្តរ៍ និងដោះលែងកងទ័ពខ្មែរទាំង១៨រូប

នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃខ្មែរ ២,៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បាន​រៀបចំ​ពិធី​​ធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រ​វត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលដៅ​ទាម​ទារឱ្យ​អនុវត្តបទ​​ឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព និងស្ថេរភាព​រវាង​កម្ពុជា និងថៃ។

ទន្ទឹមការរៀបចំពិធីធម្មយាត្រានេះ ក៏មានការយាង និងនិមន្តធ្វើសេចក្តីថ្លែងការណ៍​ជាខេមរភាសា និងភាសាអង់គ្លេសដោយសម្តេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជា​ធិប​តី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ​នៃគណៈធម្មយុត្តិកនិកាយ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះ​សង្ឃ​​នាយក គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហា​អរិយ​វង្សបណ្ឌិត យ៉ន សេងយៀត ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសរំលេចថា កម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថេរ​ភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពជាឫសគល់ នៃការ​អភិវឌ្ឈន៍។

ដោយមើលឃើញអំពីសារសំខាន់នៃសន្តិភាព គណៈសង្ឃនាយកទាំងពីរគណៈ បាន សុំបិណ្ឌបាត្រភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគី​ថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលបានចាប់ធ្វើជាចំណាប់ខ្មាំង។ ការបិណ្ឌបាត្រ​នេះ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ហើយ​ក៏ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់​ប្រជាជាតិខ្មែរ និងសាកលលោកទាំងមូលផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នេះ គណៈសង្ឃនាយក ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញ​ទំហឹងចំពោះការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត និងកម្លាំងបញ្ញាស្មារតីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គុទ្ទេស​ដ៍ឆ្នើម​មានបទពិសោធន៍ចាស់ទុំ បានជួយដល់រាជរដ្ឋាភិបាល និងជម្រុញលើក​ទឹក​ចិត្ត​ដល់កងទ័ពយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានឆន្ទៈមោះមុតក្នុងការការពារ​បូរណ​ភាព​ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បាន១០០%។

គណៈសង្ឃនាយក ក៏បានសម្ដែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហារធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានពុះពារគ្រប់ឧបសគ្គ​ក្នុងការ​ដោះស្រាយបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ទៅតាមច្បាប់ជាតិ និងអន្តរជាតិ ដោយសន្តិវិធី។

គណៈសង្ឃនាយក ក៏បានកោតសរសើរដល់វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះ​បង់​អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីឱ្យ​បានគង់វង្ស និង​ភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងសូមគោរពដឹងគុណចំពោះវីរ​កង​ទ័ព​ ដែល​បាន​ពលីជីវិត ក្នុងបុព្វហេតុកម្មព្រះជាអតិមានព្រះរាជាណាចក្រកម្ពុជា៕

Daily Program

Livesteam thumbnail