នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន០៣គ្រឿងបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន០៣គ្រឿង ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការនៃផ្នែកនាវានៅលើផ្ទៃទឹករបស់កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ីជាប្រធានប្រតិភូ បានដឹកនាំកងនាវាសហព័ន្ធរុស្ស៊ីចំនួន៣គ្រឿង ដែលមាននាវិកសរុបចំនួន២៦២នាក់ ព្រឹកថ្ងៃចន្ទទី២៨ ខែមេសា ឆ្នាំ២០២៥ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពតាមការគ្រោងទុក ក្នុងគោលបំណងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ គឺថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
ការចូលសំចតរបស់នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន០៣គ្រឿងនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោក ឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។
ជាមួយគ្នានោះដែរ គណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី គ្រោងនឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលក្រុងព្រះសីហនុ ឯកឧត្តមមេបញ្ជាការមូលដ្ឋានសមុទ្ររាម ព្រមទាំងមានកម្មវិធីលេងកីឡាមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។
នាវាទីមួយឈ្មោះ REZKIY លេខ343 បណ្ដោយ 104.5ម៉ែត្រ ទទឹង 13ម៉ែត្រ ជម្រៅទឹក 7.95ម៉ែត្រ ទម្ងន់ផ្ទុក 2,250តោន មាននាវឹកសរុបចំនួន 100នាក់។ ដេកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក Evgenii KOVA LEV។ នាវាទីពីរឈ្មោះ HERO លេខ 339 មានបណ្ដោយ 104.5ម៉ែត្រ ទទឹង 13ម៉ែត្រ ជម្រៅទឹក 7.95ម៉ែត្រ ទម្ងន់ផ្ទុក 2,250តោន មាននាវិកសរុបចំនួន 100នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក DMITRII GUNKO និងនាវាទីបីឈ្មោះ PECHENGA មានបណ្ដោយ 130ម៉ែត្រ ទទឹង 20 ម៉ែត្រ ជម្រៅទឹក 7.2ម៉ែត្រ ទម្ងន់ផ្ទុក 12,891តោន។ មាននាវិកសរុបចំនួន62នាក់ដឹកនាំដោយមេបញ្ជាការនាវា លោក GONCHAR Aleksandr៕

Daily Program
