សហរដ្ឋអាម៉េរិក បានបិទខ្ទប់កំពង់ផែអ៊ីរ៉ង់តាំងពីថ្ងៃចន្ទ បន្ទាប់ពីការចរចាបរាជ័យ

ប៉ុន្មានម៉ោងក្រោយពីការបរាជ័យនៃកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតុន និងទីក្រុងតេអេរ៉ង់ នៅ ប្រទេសប៉ាគីស្ថាន លោកដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងរាំងខ្ទប់ច្រក សមុទ្រអ័រមូស​ដើម្បីបញ្ចៀសអ៊ីរ៉ងពីការទទួលបានប្រាក់ពីសិទ្ធឆ្លងកាត់។ 

ទាហានអាម៉េរិកបានបញ្ជាក់ថា ពួកគេនឹងរាំងខ្ទប់នាវាគ្រប់ជាតិសាសន៍ចូល ឬចេញពីកំពង់ផែ ឬតំបន់ឆ្នេរអ៊ីរ៉ង់ ចាប់ពីថ្ងៃចន្ទ ទី១៣ ខែមេសា តទៅ។

ដោយមិនមានកិច្ចព្រមព្រៀងសម្រាប់ការចរចាផ្ទាល់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅ ប្រទេសប៉ាគីស្ថាន ទីក្រុងវ៉ាស៊ីនតុនបានដាក់ការទូតទៅម្ខាង។ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានប្រកាសថា នឹងរាំងខ្ទប់ការចូលទៅកាន់កំពង់ផែនានារបស់អ៊ីរ៉ង់ ចាប់​តាំងពីថ្ងៃទី១៣ ខែមេសា តទៅ។  បន្ទាប់ពីការប្រកាសអំពីការបិទខ្ទប់ ប្រទេសប៉ាគីស្ថាន ដែលជាម្ចាស់ផ្ទះនៃកិច្ចចរចា បានអំពាវនាវឲ្យមានការគោរពបទឈប់បាញ់រវាងពេល ២​សប្តាហ៍ ដែលព្រមព្រៀងគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ប៉ុន្តែប្រទេសទាំងពីរ គ្មានមួយ​ណា បង្ហាញថា ខ្លួនអាចនឹងមិនបាញ់មុនថ្ងៃកំណត់ថ្ងៃ២២ ខែមេសា នោះដែរ។

ដោយការចោទប្រកាន់ថា អ៊ីរ៉ងមានបំណងចង់មានអាវុធនុយក្លេអ៊ែរ ដែលទីក្រុងតេអេរ៉ង់ បាន បដិសេធ សហរដ្ឋអាម៉េរិក បាននិយាយនេះយកជាភាពត្រឹមត្រូវនៃការវាយប្រហាររួមជាមួយ​អ៊ីស្រាអែលតាំងពីថ្ងៃទី២៨ ខែកុម្ភៈ។ ហើយដែលការវាយប្រហារអ៊ីរ៉ង់ នេះបានបង្កជាសង្រ្គាម ដែលធ្វើឲ្យមនុស្សជាង ៦០០០នាក់ បានស្លាប់ ដែលជាពិសេសនៅអ៊ីរ៉ង់ និងលីបង់ និងបង្ក ឲ្យ​មាន​ភាពវិបប្លាស​ដល់សេដ្ឋកិច្ចពិភពលោកផងដែរ។

កាលពីថ្ងៃអាទិត្យ ទាហានអាម៉េរិក បានប្រកាសថា ខ្លួននឹងបិទខ្ទប់ចាប់ពីថ្ងៃចន្ទ នូវនាវាគ្រប់​ជាតិសាសន៍ដែលចូល និងចេញ ពីកំពង់ផែ និងតំបន់តាមឆ្នេរអ៊ីរ៉ង់ ដោយសារមិនមានកិច្ច​ព្រមព្រៀង​ដើម្បីបញ្ចប់សង្រ្គាម។យោងតាមសេចក្តីប្រកាសរបស់បញ្ជាការយោធាអាម៉េរិក​សម្រាប់មជ្ឈិមបូព៌ា Centcom. បានឲ្យដឹងថា យោធាអាម៉េរិកនឹងអនុញ្ញាតឲ្យចរាចរណ៍នូវនាវា ដែលមិនចេញ និងមិនធ្វើ​ដំណើរទៅកាន់ អ៊ីរ៉ង់តាមច្រកសមុទ្រអ័រមូសនោះទេ ដែលនេះ​គឺជា​ច្រក​ឆ្លងកាត់យុទ្ធសាស្រ្ត​សម្រាប់ ពាណិជ្ចកម្មពិភពលោក និងការផ្គត់ផ្គង់ប្រេង។

បន្ទាប់ពីការប្រកាសនៃការបិទខ្ទប់ ប្រេងមួយបារ៉ែល នៅសហរដ្ឋអាម៉ែរិក បានហក់ឡើងជាង ១០០ដុល្លារ កាលពីថ្ងៃចន្ទ នៅពេលបើកទីផ្សារជួញដូរ ដែលកើនឡើងជាង ៨%។

ទោះបីជាលោកដូណាល់ ត្រាំ បានបញ្ជាក់ថា ការពិភាក្សាដែលមានរយៈពេលជាង ២០ម៉ោង បានប្រព្រឹត្តទៅ ល្អ ហើយថា ចំណុចភាគច្រើនត្រូវបានព្រមព្រៀងគ្នា ក៏ដោយ ក៏​ប្រធានាធិបតី​អាម៉េរិក លោកបានចាត់ទុកការបរាជ័យនេះ គឺ កើតឡើងដោយសារតែអ៊ីរ៉ង់​បានបដិសេធ​មិន​បោះបង់​ពីបំណងចង់កាន់កាប់អាវុធនុយក្លេអ៊ែរ ដែល​នេះគឺជាមហិច្ជតា ដែលទីក្រុងតេអេរ៉ង់ បាន​​បដិសេធរួចហើយដែរ។

ចំណែករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោកអាបបាស អារ៉ាជី ដែលបានចូលរួមក្នុងកិច្ចចរចា​នៅ​ទីក្រុង​ឥស្លាមម៉ាបាដ រដ្ឋធានីប្រទេសប៉ាគីស្ថាន បានអះអាងថា ប្រទេសទាំងពីរ ស្ថិតនៅ “ជិត​ការព្រមព្រៀង” ប៉ុន្តែបានចោទប្រកាន់ការបរាជ័យនៃកិច្ចចរចាបណ្តាលមកពី “ការរឹងត្អឹងរបស់​អាម៉េរិក”។

អ្នកនាំពាក្យការទូតអ៊ីរ៉ង់ លោកអេស្មាអេល បាកាអី មុននេះបន្តិច លោកបានលើកឡើងអំពី បរិយាកាស​នៃការសង្ស័យ និងការមិនទុកចិត្តគ្នា ហើយបានវាយតម្លៃ ច្បាស់លាស់ ថាការ​ព្រមព្រៀង​មិនអាចទទួលបាន “ក្នុងការជួបគ្នាតែមួយវគ្គ” នោះបានឡើយ។

ដោយមិនបានបញ្ជាក់លម្អិតអំពីវិធីសាស្រ្តនៃប្រតិបត្តិការដំណើររាំងខ្ទប់របស់អាម៉េរិកលើច្រក​សមុទ្រ ខណៈពេលដែលផ្លូវឆ្លង​ត្រូវ​បានអ៊ីរ៉ង់បិទចាប់តាំងពីដើមសង្គ្រាម លោកដូណាល់ ត្រាំ បាន​បញ្ជាក់តាមសារពត៌មាន ហ្វ៉កញូ Fox News ថា ចក្រភពអង់គ្លេស និងប្រទេសមួយ​ចំនួន​ទៀតនឹងបញ្ជូននាវា​ដោះ​មីន​ទៅ​ទីនោះ។

 

Daily Program

Livesteam thumbnail