មេដឹកនាំប៉ាគីស្ថានផ្ញើសារជូនពរបុណ្យចម្លងជូនគ្រីស្តបរិស័ទ
មេដឹកនាំកំពូលៗរបស់ប្រទេសប៉ាគីស្ថានបានផ្ញើសារជូនពរបុណ្យ ចម្លងនិងបានគោរពដល់សហគមន៍គ្រីស្តសាសនាក្នុងប្រទេស ដោយពណ៌នាថា គ្រីស្តបរិស័ទក៏ជាសរសរស្តម្ភដ៏សំខាន់របស់ប្រទេសប៉ាគីស្ថាន។
លោកប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) និងនាយករដ្ឋមន្ត្រី សេបាស សារីហ្វ ( Shehbaz Sharif) បានចេញសារដែលលើសពីការសួរសុខទុក្ខតាមរដូវសាមញ្ញៗ ហើយបានពិពណ៌នាថា សហគមន៍គ្រីស្តសាសនាវាជាផ្នែកមួយដ៏សំខាន់ នៃអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ប្រទេស។
លោក ប្រធានាធិបតី បានសម្គាល់បុណ្យចម្លង ថាជាប្រភពនៃក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅ ដែលនឹងបន្តឡើងវិញដោយជ័យជំនះរបស់សេចក្តីល្អលើអំពើអាក្រក់គ្រប់យ៉ាង។
លោកប្រធានាធិបតីបានគូសបញ្ជាក់ថា វឌ្ឍនភាពរបស់ប្រទេសជាតិក្នុងវិស័យអប់រំ និងសុខភាពសាធារណៈក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក៏ជាការចូលរួមរបស់ស្ថាប័នព្រះសហគមន៍កាតូលិកផងដែរ។
ដោយឡែកលោកនាយករដ្ឋមន្រ្តីវិញ បានពិពណ៌នាបុណ្យចម្លង ថាជា ត្រីវិស័យខាងវិញ្ញាណ សម្រាប់ពិភពលោកដែលកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក និងច្របូកច្របល់។ លោកបានរំលឹកដល់ប្រជាជាតិថា តម្លៃនៃការអភ័យទោស និងការអត់ឱនគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងស្ថានភាពស្មុគស្មាញរបស់ពិភពលោកបច្ចុប្បន្ន៕