ប្រមុខការទូត សន្តអាសនៈ ប្រាប់សមភាគីរុស្ស៊ីថា សង្គ្រាមត្រូវតែបញ្ចប់
ក្នុងអំឡុងពេលនៃកិច្ចប្រជុំទ្វេភាគីដែលបានធ្វើឡើងនៅការិយាល័យតំណាងក្រសួងការបរទេសនៅទីក្រុងមូស្គូនៅថ្ងៃអង្គារ ទី២៥ ខែសីហា រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនៃសន្តអាសនៈ អគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) បានប្រាប់សមភាគីរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) ថា សង្គ្រាមត្រូវតែបញ្ចប់។
បើតាមវ៉ាទីកង់ញូវ លោកអគ្គអភិបាល បានលើកឡើងថា ការបញ្ចប់សង្គ្រាមគឺជារឿងបន្ទាន់ និងចាំបាច់ដើម្បីបញ្ចប់អរិភាព និងរៀបចំផែនការទំនាក់ទំនងនាពេលអនាគត ដើម្បីកុំឱ្យប្រទេសទាំងពីរនៅតែជាឈ្លើយនៃអំពើខុសឆ្គងពីអតីតកាល។
លោកអគ្គអភិបាលក៏បានសម្តែងយោបល់ថា បើសង្គ្រាមនៅតែបន្តនោះចំនួនអ្នកស្លាប់ និងរបួសរបស់ភាគីទាំងពីរនឹងនៅតែបន្តកើនឡើងជាលំដាប់ជាលទ្ធផលនៃអរិភាព ក៏ដូចជាទុក្ខវេទនារបស់ប្រជាជនស៊ីវិលផងដែរ។
លោកអគ្គអភិបាលក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់សម្តេចប៉ាប ដែលទ្រង់សុំឱ្យបញ្ចប់អរិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន និងដើម្បីចាប់ផ្តើម "ការចរចាពិតប្រាកដ" ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ។
លោកបានមានប្រសាសន៍ថា ជំហររបស់សន្តអាសនៈគឺច្បាស់លាស់ណាស់។ លោកបានបន្តថា ជម្លោះមិនអាចដោះស្រាយបានដោយមធ្យោបាយយោធាឡើយ។ ដូច្នេះ លោកបានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ដំណើរការនយោបាយ និងការទូត។
លោកក៏បានអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនបង្ហាញសញ្ញានៃភាពបើកចំហ និងសុច្ឆន្ទៈ ព្រមទាំងគោរពច្បាប់អន្តរជាតិ និងមនុស្សធម៌ ជាពិសេសទាក់ទងនឹងជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ អ្នករងរបួស និងអ្នកទោសសង្គ្រាម។
នាឱកាសនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក៏សម្តែងការកោតសរសើរចំពោះការបើកចំហរបស់បុរីវ៉ាទីកង់ចំពោះការសន្ទនាជាមួយរុស្ស៊ី និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ដោយបាននិយាយថា លោកយល់ស្របជាមួយសមភាគីវ៉ាទីកង់របស់លោកលើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាមនុស្សធម៌ដែលទាក់ទងនឹងជម្លោះ។
លោករដ្ឋមន្ត្រីបានពិពណ៌នាអំពីជំនួបនេះថា "មានប្រយោជន៍ខ្លាំងណាស់"។
