ដូនជីឥណ្ឌូណេស៊ីបង្កើតប្រវត្តិសាស្ត្រ ជាជនជាតិឥណ្ឌូណេស៊ីដំបូងគេដែលដឹកនាំអារាមកាតូលិកមួយនៅអ៊ីតាលី
ដូនជី ម៉ារៀ ស៊ីលវីយ៉ា បាតេ (Maria Silvia Bate) ដែលមកពីតំបន់មួយនៅលើកោះផ្លរ៉េស (Flores) ខេត្តណូសាតេងហ្គារ៉ាខាងកើត (East Nusa Tenggara) នៅប្រទេសឥណ្ឌូណេស៊ី ត្រូវបានតែងតាំងជាផ្លូវការឱ្យដឹកនាំអារាម Benedictine Orte នៅក្នុងប្រទេសអ៊ីតាលី កាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះ។
ដូនជីចូលមកបន្តតំណែងពីដូនជី ម៉ារៀ ហ្សាឈីនតា ឌី ម៉ារៀ (Mother Maria Giacinta di Maria) ដែលបានដឹកនាំទីអារាមនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្នមានអាយុ ៨៤ ឆ្នាំហើយ។
ពិធីតែងតាំងនេះត្រូវបានប្រារព្ធឡើងតាមរយៈពិធីថ្វាយអភិបូជា ដើម្បីផ្ដល់ពរជ័យដល់ដូនជី ដែលដឹកនាំដោយលោកអភិបាល ម៉ាកូ សាល់វី (Marco Salvi) នៃព្រះសហគមន៍កាតូលិកភូមិភាគ ខាស្តេឡាណា (Castellana)។ ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រះសហគមន៍ឥណ្ឌូណេស៊ី លោក ម៉ៃឃើល ទ្រីយ៉ាស គុនចាហ៊ីយ៉ូណូ (Michael Trias Kuncahyono) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅបុរីវ៉ាទីកង់ និងសមាជិកនៃស្ថានទូតឥណ្ឌូណេស៊ីមួយចំនួនទៀត។
សម្រាប់ប្រទេសឥណ្ឌូណេស៊ី ការតែងតាំងដូនជីគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ដូនជីត្រូវបានគេរាយការណ៍ថាជាពលរដ្ឋឥណ្ឌូណេស៊ីដំបូងគេ ដែលត្រូវបានជ្រើសរើសឱ្យដឹកនាំអារាម Benedictine នៅក្នុងប្រទេសអ៊ីតាលី។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា «យើងមានមោទនភាពយ៉ាងខ្លាំង ដែលពលរដ្ឋឥណ្ឌូណេស៊ីម្នាក់បានក្លាយជាអ្នកដឹកនាំអារាមនេះជាលើកដំបូង»។
ដូនជីបានលះបង់ពេលវេលាជិត ២១ ឆ្នាំមកហើយសម្រាប់ជីវិតជាអ្នកបួស។ នៅខែមិថុនា ឆ្នាំ ២០០៣ ដូនជីបានចាកចេញពីស្រុកកំណើតទៅកាន់ទីក្រុង Orte ប្រទេសអ៊ីតាលី ដើម្បីចាប់ផ្តើមការបណ្តុះបណ្តាល និងការបម្រើការងារនៅទីនោះ។
នៅពេលនោះ បុរីវ៉ាទីកង់នៅតែអនុញ្ញាតឱ្យបេក្ខជនមកពីបរទេសអាចមកប្រទេសអ៊ីតាលីដើម្បីទទួលការបណ្តុះបណ្តាល ទោះបីជាពួកគេមិនទាន់ក្លាយជាដូនជីជាផ្លូវការក៏ដោយ។ នៅឆ្នាំ ២០០៥ ដូនជីបានចាប់ផ្តើមដំណើរជីវិតក្នុងអារាមក្នុងនាមជាដូនជីថ្មី។ ក្រោយមក គាត់បានធ្វើសច្ចាប្រណិធានជាអចិន្ត្រៃយ៍ ហើយទីបំផុតបានទទួលបន្ទុកដឹកនាំអារាមក្នុងនាមជាប្រធានអារាមតែម្តង។
