ក្រុមលោកអភិបាលព្រះសហគមន៍ហ្វីលីពីនជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការលើការប្រើប្រាស់ធ្យូងថ្ម
ថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិក និងអ្នកតស៊ូមតិផ្នែកបរិស្ថាននៅហ្វីលីពីនបានអំពាវនាវដល់មន្ត្រីនៅតំបន់កេហ្ស៊ុន ( Quezon) ប្រទេសហ្វីលីពីន ឱ្យអនុម័តជាបន្ទាន់នូវបទបញ្ជាហាមឃាត់រោងចក្រថាមពលដើរដោយធ្យូងថ្មថ្មី ដោយលើកឡើងពីតម្រូវការបន្ទាន់សម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ និងផ្តោតលើប្រជាជន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែមេសា លោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅភូមិភាពមួយចំនួនដូចជា លូសេណា (Lucena) ហ្គោម៉ាសា (Gumaca) និង ប្រេឡាទ័រ អ៊ីនហ្វានតា ( Prelature of Infanta) រួមជាមួយ អង្គការការីតាស ហ្វីលីពីន (Caritas Philippines )បានជំរុញឱ្យថ្នាក់ដឹកនាំមូលដ្ឋានធ្វើសកម្មភាពដោយមិនបង្អង់យូរលើវិធានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមលោកអភិបាល បានរំលឹកដល់មន្ត្រីអំពីការទទួលខុសត្រូវរបស់ពួកគេក្នុងនាមជាអ្នកថែរក្សាទំនុកចិត្តសាធារណៈ និង ជំរុញឱ្យមានសកម្មភាពសម្រេចចិត្តក្នុងចំណោមវិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗ។
ក្រុមលោកអភិបាលបានកត់សម្គាល់ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ាបានបង្ហាញពីភាពពឹងផ្អែកយ៉ាងខ្លាំងរបស់ប្រទេសលើឥន្ធនៈហ្វូស៊ីល ដែលធ្វើឱ្យទាំងអ្នកប្រើប្រាស់ និងបរិស្ថានស្ថិតក្នុងហានិភ័យ៕