ការអំពាវនាវឱ្យមានកិច្ចព្រមព្រៀងព្រំដែនសមុទ្រ ដើម្បីលើកកម្ពស់សន្តិភាព និងបរិយាបន្ននៃវិបុលភាពរួម

កម្ពុជាបានសម្តែងនូវគោលបំណងរបស់ខ្លួនក្នុងការឈានទៅសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ចំពោះវិវាទព្រំដែនសមុទ្រជាមួយប្រទេសថៃ តាមរយៈដំណើរការផ្សះផ្សានៅក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

ថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សានៅក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ នៅសិង្ហបុរី កាលពីព្រឹកថ្ងៃអង្គារ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរបស់កម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់បំផុតរបស់កម្ពុជា គឺការសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលបម្រើដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានការចូលរួមពីតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ធ្វើជាលេខាធិការដ្ឋាន។

លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ដោយមានជំនួយពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ កម្ពុជាស្វែងរកការចុះសន្ធិសញ្ញាជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្ររួមគ្នាតែមួយ សម្រាប់គ្រប់គោលបំណងរវាងប្រទេសទាំងពីរ។

ជាជម្រើសមួយទៀត កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ ស្តីពីការអភិវឌ្ឍរួមគ្នា និងការចែករំលែកធនធានដោយសមធម៌រវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងចុងក្រោយលើព្រំដែនសមុទ្ររបស់ពួកគេ។

លោកបានពន្យល់បន្ថែមថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងព្រំដែនសមុទ្រចុងក្រោយ ឬការរៀបចំការអភិវឌ្ឍរួមគ្នាមួយអាចសម្រេចបានទេនោះ កម្ពុជានឹងស្នើឱ្យគណៈកម្មការផ្សះផ្សារៀបចំរបាយការណ៍មួយដែលមានអនុសាសន៍ជូនដល់ភាគីទាំងពីរ។

លោកបានបន្តថា អនុសាសន៍ទាំងនោះ អាចបម្រើជាមូលដ្ឋានសម្រាប់ការចុះកិច្ចព្រមព្រៀងមួយ អនុឡោមតាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជា និងប្រទេសថៃ នៅក្រោមអនុសញ្ញា UNCLOS។

ដូច្នេះ ចិន្ត្រារបស់កម្ពុជា គឺស្វែងរកដំណោះស្រាយដោយសន្តិវិធី និងមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ ដែលការពារផលប្រយោជន៍នៃប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។

 

Daily Program

Livesteam thumbnail
khmer popup image