កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (MRA)
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលគយទូទៅនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតកម្ពុជា-ចិន (AEO MRA)។ សមិទ្ធផលដ៏សំខាន់នេះ មានគោលបំណងបន្តសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី០៤ ខែមិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក បណ្ឌិត គន្ធ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកស្រី ស៊ុន មេយជុន (Sun Meijun) រដ្ឋមន្ត្រីនៃរដ្ឋបាលគយទូទៅនៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចព្រមព្រៀង AEO MRA នេះ នឹងជួយគាំទ្រ និងសម្រួលដល់វិស័យធុរកិច្ច និងពាណិជ្ជកម្មអន្តរជាតិទ្វេភាគី តាមរយៈការធ្វើឱ្យសាមញ្ញនូវនីតិវិធីគយ។ យន្តការនេះនឹងត្រូវអនុវត្តឡើងតាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ និងការពន្លឿនការបំពេញបែបបទគយ សម្រាប់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់។ បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រ AEO ចំនួន ១១ ក្រុមហ៊ុន ហើយមានគោលដៅបង្កើនឱ្យបានដល់ ៣០ ក្រុមហ៊ុន មុនដាច់ឆ្នាំ២០២៦ នេះ។
ការបង្កើតកិច្ចព្រមព្រៀង AEO MRA នេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគ។ វានឹងជួយកាត់បន្ថយពេលវេលា និងថ្លៃដើម ពង្រឹងភាពប្រកួតប្រជែងរបស់ធុរកិច្ច និងធានាសុវត្ថិភាពខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រជាជាតិទាំងពីរ។
ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ចាំងពីស្មារតីនៃ «មិត្តភាពដែកថែប» និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។ ជាពិសេស វាបានជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កាបន្ថែមទៀត។
សាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែជាមិត្តដ៏ជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូពាណិជ្ជកម្ម និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ធំបំផុត និងសំខាន់បំផុតរបស់កម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។