កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្រសួងមហាផ្ទៃកម្ពុជាបានបង្ហើបឱ្យដឹងពីគម្រោងរបស់ខ្លួនក្នុងការបង្កើតឱ្យមាននូវមជ្ឈមណ្ឌលជាតិមួយសម្រាប់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងពេលដែលបទល្មើសប្រភេទនេះកំពុងរីកសាយភាយជាសកល រួមទាំងនៅកម្ពុជា។ ការបង្ហើបឱ្យដឹងអំពីគម្រោងនេះ ត្រូវបានធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងនៅក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា «ក្រសួងមហាផ្ទៃដែលជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល បាននិងកំពុងសិក្សាពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ បំណងសំខាន់នៃការបង្កើតមជ្ឈមណ្ឌលជាតិនេះឡើង ត្រូវបានលោក បញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទាន់ពេលវេលា។
លោក ស សុខា បានបញ្ជាក់បន្ថែមថា តាមរយៈគម្រោងខាងលើក៏បានបង្ហាញអំពីសុឆន្ទៈ និងការយកចិត្តទុកដាក់បន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានចាត់ទុកជារបៀបវារៈអាទិភាពដ៏សំខាន់បំផុត។ ក្នុងនោះ កម្ពុជាបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនឹងការដាក់ចេញយន្តការជាបន្តបន្ទាប់ ជាអាទិ៍ការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបទល្មើសនេះ។
លោក បានសង្កត់ធ្ងន់ក្នុងន័យដើមថា «ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងយន្តការទាំងនេះ គឺដើម្បីគាំទ្រ និងសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល គឺ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងមិនឱ្យបទល្មើសនេះកើតឡើងវិញជាថ្មី»។
តាមរយៈវេទិកាដដែលនេះ លោក ស សុខា ក៏បានបង្ហាញនូវលទ្ធផលដែលកងកម្លាំងអនុវត្តច្បាប់របស់ក្រសួងមហាផ្ទៃ សម្រេចបានក្នុងប្រតិបត្តិការបង្ក្រាបទីតាំងស្កេមអនឡាញ ក្នុងរយៈជាង ១ឆ្នាំមកនេះ បង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសសរុប ៦៦៥ទីតាំង និងចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅ ចំនួន២៨ ៥១២ទីតាំង។ ក្នុងនោះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន២៦៨សំណុំរឿងដោយ មានជនសង្ស័យសរុប២ ៧៧៣នាក់ ដែលក្នុងនោះ កំពុងជាប់ឃុំចំនួន២ ២០០នាក់ និងបណ្ដេញជនបរទេសពីកម្ពុជាសរុបចំនួន ២១.១០២នាក់ មាន៣៨សញ្ជាតិ។
លោកក៏បានអះអាងអំពីឆន្ទៈរបស់កម្ពុជា ដែលក្រៅពីការអនុវត្តច្បាប់ និងយន្តការនានាក្នុងការបង្ក្រាបបទល្មើសស្កេមអនឡាញនោះ សមត្ថកិច្ចកម្ពុជា ក៏បានសហការជាមួយប្រទេសជាដៃគូ និងអង្គការអន្តរជាតិ ដោយបានឃាត់ខ្លួន និងបញ្ជូនមុខសញ្ញាមេខ្លោងសំខាន់ៗមួយចំនួន។ បច្ចុប្បន្ន កម្ពុជាក៏កំពុងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកចាប់ខ្លួនមុខសញ្ញាមេខ្លោង ដែលកំពុងគេចខ្លួន ដើម្បីឈានទៅបង្ក្រាបឱ្យដល់ឫសគល់នៃបណ្តាញឧក្រិដ្ឋកម្មទាំងនេះ៕
