កម្តៅមជ្ឈិមបូព៌ាដុតកម្លោចទៀត! ការជជែករឿងច្រកអ័រមូសនៅប្រទេសអូម៉ង់​ពន្យា​ពេល ខណៈ​លោក ត្រាំ ថា "មិនខ្វល់" ហើយតម្លៃប្រេងហក់លើស ១០០ ដុល្លារ!»

សភាពការណ៍ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក​កំពុងស្ថិតក្នុងស្ថានភាព​អន្លង់​អន្លោច​គួរឲ្យបារម្ភ! ផែនការជួបជុំគ្នារវាងអ៊ីរ៉ង់ និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដើម្បី​ពិភាក្សា​អំពីអនាគតនៃច្រកសមុទ្រអ័រមូស ត្រូវបានប្រកាសពន្យារពេលជាផ្លូវការហើយ ខណៈ​ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបោះសម្តីយ៉ាងខ្លីថា លោក «មិនខ្វល់ និងមិន​យក​ចិត្តទុកដាក់» ចំពោះកិច្ចការនេះឡើយ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវ​ការ​របស់អូម៉ង់ (ONA) បានប្រាប់ឲ្យដឹងថា កិច្ចប្រជុំតំបន់ដែលគ្រោង​ធ្វើ​ឡើង​​នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ក្នុងទីក្រុងសាឡាឡា (Salalah) ដែលជាទីក្រុងធំទី៣ នៃ​ប្រទេស​​អូម៉ង់ រវាងភាគីអ៊ីរ៉ង់ និងបណ្តាប្រ​ទេសក្នុងតំបន់ឈូងសមុទ្រ ត្រូវសម្រេចចិត្ត​ពន្យារ​ពេល​ទៅ​កាលបរិច្ឆេទថ្មីវិញ។ ការ​ពន្យា​ពេល​នេះ ធ្វើឡើងក្នុងគោលបំណងបង្កើត «លក្ខខណ្ឌ​សមស្របសម្រាប់ការពិភាក្សា​ដែល​មាន​ន័យស្ថាបនា» នៅចំពេល​ដែលទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតុន និងទីក្រុងតេអេរ៉ង់ កំពុង​តាន​តឹងខ្លាំង និងបានបិទខ្ទប់ផ្លូវសមុទ្រ​ច្រកអ័រមូសជាយុទ្ធ​សាស្ត្រ​នេះជាច្រើនខែមកហើយ។

ទោះជាយ៉ាងណា ប្រតិកម្មពីសំណាក់មេដឹកនាំអាម៉េរិក លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​អាទិត្យ ទី១៣ ខែកញ្ញា ហាក់បញ្ជាក់យ៉ាងច្បាស់អំពីជំហរអាម៉េរិក ដោយលោកបានប្រាប់អ្នក​សារព័ត៌មាន​​​ខណៈពេលកំពុងលេងកីឡាវាយកូនហ្គោល នៅទីលាន ដែលជាកម្មសិទ្ធ​របស់​គ្រួសារ​​លោក​នៅប្រទេសអៀរឡង់ថា លោកមិនខ្វល់ និងមិនចាប់អារម្មណ៍​ចំពោះ​អ្វីដែលភាគី​ទាំង​​នោះ​​ចង់ធ្វើនោះទេ ក្នុងនោះក៏មានប្រទេសភាគច្រើនជាសម្ព័ន្ធមិត្តរបស់អាម៉េរិក នៅតំបន់​​ឈូងសមុទ្រពែរ្ស៍ផងដែរ។

មិនមែនត្រឹមតែនៅតំបន់អ័រមូសប៉ុណ្ណោះទេ នៅឯប្រទេសយ៉េម៉េន សមរភូមិប្រយុទ្ធគ្នារវាង​កង​កម្លាំង​រដ្ឋាភិបាល និងក្រុមបះបោរហ៊ូធី (Houthis) កំពុងរីករាលដាលយ៉ាងសន្ធោសន្ធៅ។ អង្គការ​អន្តរជាតិសម្រាប់ជនភៀសខ្លួន (OIM) បានរាយការណ៍ថា មនុស្សជាង ២០០០ នាក់ បាន​នាំគ្នាជិះកាណូតគេចចេញពីអំពើហិង្សា ដោយបានឆ្លងកាត់សមុទ្រ​ទៅដល់ប្រទេសឌ្ជីប៊ូទី​កាលពីចុងសប្តាហ៍។

បច្ចុប្បន្ន ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានពង្រីកការគ្រប់គ្រងលើតំបន់ឆ្នេរ និងកោះនានា​នៅ​សមុទ្រក្រហម ក៏ដូចជាក្តាប់ជាប់ច្រកសមុទ្រយុទ្ធសាស្ត្រ «បាប អេលម៉េនដេប» (Bab al-Mandab) ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់តភ្ជាប់ទៅព្រែកជីកស៊ុយអេ ឆ្លងកាត់សមុទ្រក្រហម។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យមានមនុស្សស្លាប់រាប់រយនាក់ និងជនភៀសខ្លួនរាប់ម៉ឺននាក់ ខណៈ អូអាយអេម (OIM) កំពុង​ប្រញាប់​ប្រញាល់ផ្តល់ជំនួយបន្ទាន់នៅតំបន់អូប៊ុក (Obock) ប្រទេស​ឌ្ជីប៊ូទី។

រាប់ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមរវាង សហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២៦ មក ទីផ្សារថាមពលសកលបានក្លាយជាតម្លៃងាយរងគ្រោះបំផុត។ ការបិទ​ខ្ទប់​ច្រកអ័រមូស ការវាយប្រហារដោយដ្រូនលើបំពង់បង្ហូរប្រេងនៅអារ៉ាប៊ី សាអ៊ូឌីត ដោយដ្រូន​ហោះមកពីអ៊ីរ៉ាក់ រួមផ្សំជាមួយនឹងការដែលក្រុមហ៊ូធីអាចគ្រប់គ្រងច្រក បាប អេល ម៉េនដេប បានយ៉ាង​ឆាប់​រហ័ស បានធ្វើឲ្យតម្លៃប្រេងឆៅ ប្រេន (Brent) ហក់ឡើងលើស ១០០ ដុល្លារ​ក្នុង​១​បារ៉ែល​រួចទៅហើយនៅសប្តាហ៍នេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ធៀរី ប្រូស (Thierry Bros) សាស្ត្រាចារ្យនៅសាលាល្បី ស្យង់ ប៉ូ ប៉ារីស (Sciences Po Paris) ប្រទេសបារាំង បានធ្វើការព្រមានថា សេដ្ឋកិច្ច​ពិភពលោក​នឹង​ត្រូវ​ប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរក្នុងរយៈពេលខ្លី ដោយសារតែការឡើងថ្លៃជាថ្មីនៃ​ផលិតផល​ប្រេងឥន្ធនៈ ប្រសិនបើភាគីពាក់ព័ន្ធមិនអាចរកផ្លូវកាត់បន្ថយអរិភាពបានទេនោះ។

 

 

 

 

 

 

Daily Program

Livesteam thumbnail
khmer popup image